Menu Close

(2.46) តើអ្វីជាសំណុំរឿង Larry P. v. Riles? 

(2.46) តើអ្វីជាសំណុំរឿង Larry P. v. Riles? 

សំណុំរឿង Larry P. v. Riles (Larry P.) ត្រូវបានប្ដឹងនៅឆ្នាំ 1971 នៅពេលកុមារស្បែកខ្មៅប្រាំនាក់ ដែលត្រូវបានដាក់ចូលក្នុងថ្នាក់​អប់​រំពិសេសដោយសារ “ខ្សោយបញ្ញាខាងអប់រំនិងផ្លូវចិត្ត” (EMR) នៅមណ្ឌល​សិក្សាធិការរួបរួមសាន់ហ្វ្រង់ស៊ីស្កូបានដាក់ពាក្យប្ដឹងនៅតុលាការមណ្ឌលសហព័ន្ធនៅរដ្ឋកាលីហ្វ័រញ៉ាខាងជើង ដោយទាញហេតុផលថា មានការខុស​ឆ្គងក្នុងការដាក់ពួកគេចូលក្នុងថ្នាក់ EMR ដោយផ្អែកលើលទ្ធផលតេស្ត​បញ្ញារបស់ពួកគេដែលលម្អៀងនិងរើសអើងពូជសាសន៍។  1 បណ្ដឹងនេះក៏បានជំទាស់នឹងអត្រាមិនសមាមាត្រដែលសិស្សស្បែកខ្មៅត្រូវបានដាក់ចូលក្នុងថ្នាក់ EMR បើធៀបនឹងចំនួនសិស្សស្បែកខ្មៅ​នៅក្នុង​ប្រព័ន្ធសាលារៀន។

តុលាការបានសម្រេចឱ្យសិស្សឈ្នះក្ដី និងហាមឃាត់មណ្ឌលសិក្សាធិការ​មិ​ន​ឱ្យប្រើតេស្ត IQ ដើម្បីកំណត់ឬដាក់សិស្សស្បែកខ្មៅចូលក្នុងថ្នាក់​ប្រ​ភេទ EMR។ សេចក្ដីសម្រេចនេះត្រូវបានរក្សាទុកដដែលក្នុងបណ្ដឹងឧទ្ធរណ៍ឆ្នាំ 1984។  2 ឆ្នាំ 1986 បន្ទាប់ពីការដោះស្រាយដោយគូភាគី ក្រោយពេលរដ្ឋកាលីហ្វ័រញ៉ា​បានលុបចោលប្រភេទ EMR តុលាការបានពង្រីកសេចក្ដីសម្រេចរបស់​​ខ្លួន​ដោយហាមឃាត់ការប្រើតេស្ត IQ ទៅលើសិស្សស្បែកខ្មៅដែលត្រូវ​បាន​បញ្ជូនបន្តសម្រាប់សេវាកម្មអប់រំពិសេស។ 3

ឆ្នាំ 1994, Crawford v. Honig បានញ៉ាំងឱ្យមានការពិនិត្យឡើង​វិញ​នូវសិទ្ធិរបស់កុមារស្បែកខ្មៅនៅក្នុងផ្នែកអប់រំពិសេស។. នៅ Crawford សិស្សស្បែកខ្មៅដែលបានស្វែងរកការផ្ដល់តេស្ត IQ ដល់ពួកគេ សម្រាប់ពិការភាពផ្នែកការសិក្សាដែលគ្មាន EMR បាន​ជំទា​ស់នឹងការពង្រីកសំណុំរឿង Larry P នៅឆ្នាំ 1986។ ដែលហាមឃាត់​ការប្រើតេស្ត IQ ណាមួយចំពោះកុមារស្បែកខ្មៅនៅក្នុង​ផ្នែក​អ​ប់​រំ​ពិសេស។ តុលាការបានសម្រេចឱ្យសិស្សឈ្នះ និងបានរំលាយចោលការពង្រីកនៅឆ្នាំ 1986 ដោយអនុញ្ញាតឱ្យកុមារស្បែកខ្មៅបីនាក់ធ្វើតេស្ត IQ ព្រោះឪពុក​ម្ដា​យពួកគេចង់ឱ្យពួកគេធ្វើដូច្នោះ។ សេចក្ដីសម្រេចនោះ ដែលបានទុកសេចក្ដីសម្រេចក្នុងករណី Larry P. ឆ្នាំ 1976 ពីមុនឱ្យនៅដដែល ត្រូវបានអនុម័តក្នុងបណ្ដឹងឧទ្ធរណ៍។ 4 

ការណែនាំផ្លូវច្បាប់ថ្មីៗបំផុតរបស់ក្រសួងអប់រំរដ្ឋកាលីហ្វ័រញ៉ា (CDE) អំពី​បញ្ហានេះបញ្ជាក់ថា “សេចក្ដីបង្គាប់ក្នុងរឿងក្ដី  “Larry P. រក្សាទុក​នៅដដែល” ហេតុដូច្នេះហើយ មណ្ឌលសិក្សាធិការត្រូវបានហាមឃាត់​មិន​ឱ្យប្រើការវាយតម្លៃណាមួយដែលជា “តេស្តបញ្ញាបែបស្តង់ដារ” សម្រាប់​គោ​លបំណងកំណត់ ឬដាក់សិស្សស្បែកខ្មៅចូលក្នុងប្រភេទ ឬកន្លែងដែល “ពិត​ជាសមមូល” នឹងអ្វីដែលពីមុនគេហៅថា EMR។ 5 

ដូចដែលចិត្តវិទូរបស់សមាគមសាលារៀនរដ្ឋកាលីហ្វ័រញ៉ាបានពន្យល់ នេះ​មានន័យថា តេស្ត IQ អាចនឹងមិនត្រូវបានប្រើដើម្បីដាក់សិស្សស្បែក​ខ្មៅ​ចូលក្នុងប្រភេទពិការភាពខាងបញ្ញា (“ID”) ទេ ប៉ុន្តែចិត្តវិទូសាលារៀន​នៅ​តែអាចប្រើការវិនិច្ឆ័យតាមវិជ្ជាជីវៈរបស់ពួកគេអំពីថាតើប្រើតេស្ត IQ ឬទេចំពោះផ្នែកដែលសង្ស័យផ្សេងទៀតនៃពិការភាព ឱ្យតែពួកគេធ្វើ​តា​មលក្ខខណ្ឌតម្រូវផ្សេងទៀតទាំងអស់នៃច្បាប់។ 6 ជាក់ស្ដែង មណ្ឌលសិក្សាធិការជួនកាលបកស្រាយខុសអំពីសំណុំរឿង Larry P. ថា រារាំងពួកគេមិនឱ្យអនុវត្តការវាយតម្លៃ​ខាងការយល់ដឹងដ៏​សំខា​ន់និងចាំបាច់ ដែលការពិតត្រូវបានអនុញ្ញាតក្រោមសំណុំរឿង Larry P. និងការណែនាំផ្លូវច្បាប់របស់ CDE។ 

បើគ្រួសារនៃសិស្សស្បែកខ្មៅដែលមានពិការភាពព្រួយបារម្ភអំពីរោគវិនិច្ឆ័យខុសឬការវិនិច្ឆ័យរោគខុស ដោយសារមណ្ឌលសិក្សាធិការមិន​បាន​អនុវ​ត្តការវាយតម្លៃខាងការយល់ដឹងដែលត្រូវការ ព្រោះតែមណ្ឌលសិក្សាធិការ​យល់ខុសអំពីសំណុំរឿងLarry P. នោះពួកគេអាចនឹងចង់គិត​គូរ​ស្វែងរកការវាយតម្លៃផ្នែកអប់រំដោយឯករាជ្យ (IEE)។ ព័ត៌មានអំពី IEEs គឺមាននៅ SERR Ch. 2.27-2.29។

ទាក់ទងនឹងប្រភេទអប់រំពិសេសនៃពិការភាពផ្នែកការសិក្សាជាក់លាក់ (SLD) CDE នៅក្នុងអនុស្សរណៈរបស់ខ្លួនអំពីសេចក្ដី​បង្គាប់របស់សំណុំ​រឿង Larry P.’s ដែលត្រូវបានពន្យល់នៅក្នុងសំណួរនេះ លែង​ហាម​ឃាត់ដោយផ្ទាល់មិនឱ្យប្រើតេស្ត IQ ទៀតហើយ។ ផ្ទុយទៅវិញ CDE ថ្លែងថា បើមណ្ឌលសិក្សាធិការជ្រើសរើសប្រើគំរូ​នៃភាព​ល្អៀងគ្នាខ្លាំងក្នុងការវាយតម្លៃសម្រាប់ភាពមានសិទ្ធិទទួលបាន SLD នោះ​មណ្ឌលសិក្សាធិការ មិនត្រូវបានតម្រូវឱ្យប្រើតេស្ត IQ ដើម្បី​កំណ​ត់​ស​មត្ថភាពបញ្ញាទេ។

  1. Larry P. v. Riles, 495 F. Supp. 926 (N.D. Cal. 1979).[]
  2. Larry P. v. Riles, 793 F.2d 969 (9th Cir. 1984).[]
  3. See Crawford v. Honig, 37 F.3d 485, 486 (9th Cir. 1994).[]
  4. សូមមើល Crawford, 37 F.3d ត្រង់ប្រការ 488-89។[]
  5. Cal. Dep’t of Educ., Mem. Re. ការវាយតម្លៃផ្នែកអប់រំពិសេសចំពោះសិស្សអាមេរិកដើមកំណើតអាហ្វ្រិក (14 កញ្ញា 2022) មាននៅលើគេហទំព័រ https://www.cde.ca.gov/sp/se/ac/memo091422.asp[]
  6. សូមមើល Cal. Assoc. of Sch. Psycs., ការឆ្លើយតបរបស់ CASP ចំពោះអនុស្សរណៈរបស់ CDE អំពីការអប់រំពិសេសរបស់សិស្សអាមេរិកដើមកំណើតអាហ្វ្រិក –  14 កញ្ញា 2022 (10 តុលា 2023) មាននៅលើគេហទំព័រ https://casponline.org/pdfs/resource-papers/Updated%20Larry%20P.%20Guidance%20Paper%2010-10-23.pdf[]