ទាំងច្បាប់សហព័ន្ធនិងច្បាប់រដ្ឋព្រមទាំងបទប្បញ្ញត្តិនៃច្បាប់ទាំងនេះមិនដាក់កំណត់តម្លៃនៃ IEE ទេ។ តែទោះជាយ៉ាងណា ក្រសួងអប់រំសហរដ្ឋអាមេរិកមានគោលជំហរថា មណ្ឌលសិក្សាធិការអាចកំណត់លក្ខណៈវិនិច្ឆ័យគ្រប់គ្រងតម្លៃ (កម្រិតតម្លៃខ្ពស់បំផុត) សម្រាប់ IEE ឱ្យតែកម្រិតខ្ពស់បំផុតនេះមិនរារាំងមាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀតមិនឲ្យទទួលបាន IEE។ ជាលទ្ធផល មណ្ឌលសិក្សាធិការអាចកំណត់កម្រិតខ្ពស់បំផុតដែលសមហេតុផល ដែលឆ្លុះបញ្ចាំងពីអត្រាធម្មតានិងទូទៅនៅក្នុងសហគមន៍របស់ខ្លួនសម្រាប់ផ្នែកជំនាញនីមួយៗ។ មណ្ឌលសិក្សាធិការត្រូវតែផ្ដល់ឱ្យមាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀតផងដែរ នូវឱកាសក្នុងការបង្ហាញថា កម្រិតតម្លៃខ្ពស់បំផុតមិនគួរអនុវត្តទេចំពោះកត្តាពិសេសក្នុងករណីកូនរបស់អ្នក។ 1
មណ្ឌលសិក្សាធិការត្រូវបានអនុញ្ញាតឱ្យមានលក្ខណៈវិនិច្ឆ័យទីភ្នាក់ងារ សម្រាប់ការធ្វើ IEE ដូចជា ទីតាំងនៃការវាយតម្លៃ និងគុណវុឌ្ឍិនៃអ្នកវាយតម្លៃឯករាជ្យ។ លក្ខណៈវិនិច្ឆ័យ IEE ត្រូវតែដូចគ្នានឹងលក្ខណៈវិនិច្ឆ័យដែលប្រើដោយមណ្ឌលសិក្សាធិការនៅក្នុងការវាយតម្លៃរបស់ខ្លួន និងត្រូវតែស៊ីចង្វាក់គ្នាជាមួយសិទ្ធិរបស់មាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀតចំពោះ IEE។ 2
មណ្ឌលសិក្សាធិការអាចនឹងមិនដាក់លក្ខខណ្ឌ ឬកំណត់កាលវេលាផ្សេងទៀតដែលទាក់ទងនឹងការទទួលបាន IEE ទេ ដូចជា តើអ្នកប្រើអ្នកវាយតម្លៃដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់មួយណាជាដើម។ 3 មិនមានការអនុញ្ញាតផ្លូវច្បាប់ដែលតម្រូវឱ្យមាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀតជ្រើសយកអ្នកវាយតម្លៃ IEE ពីបញ្ជីដែលអនុម័តជាមុនរបស់មណ្ឌលសិក្សាធិការទេ។ ទោះជាយ៉ាងនេះក្ដី មណ្ឌលសិក្សាធិការមានភារកិច្ចជូនដំណឹងដល់មាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀតអំពីកន្លែងដែលពួកគេអាចទទួលបាន IEE។ 4 អ្នកគួរតែធ្វើឱ្យប្រាកដថា អ្នកវាយតម្លៃគឺមិនមែនជានិយោជិតរបស់មណ្ឌលសិក្សាធិការ ហើយពួកគេមានគុណវុឌ្ឍិចាំបាច់ក្នុងការធ្វើការវាយតម្លៃ។ 5
ក្នុងករណីខ្លះ មណ្ឌលសិក្សាធិការអាចនឹងផ្ដល់ការវាយតម្លៃតាមរយៈមជ្ឈមណ្ឌលវិនិច្ឆ័យរោគរដ្ឋកាលីហ្វ័រញ៉ា ដែលជាផ្នែកមួយនៃក្រសួងអប់រំរដ្ឋកាលីហ្វ័រញ៉ា (CDE)។ មជ្ឈមណ្ឌលវិនិច្ឆ័យរោគត្រូវបានបង្កើតឡើងដើម្បីជួយដល់មណ្ឌលសិក្សាធិការ ដែលមិនមានជំនាញក្នុងការវាយតម្លៃផ្នែកជាក់លាក់ណាមួយ។ ស្របពេលដែលអ្នកប្រហែលជាចង់ប្រើការវាយតម្លៃតាមរយៈមជ្ឈមណ្ឌលវិនិច្ឆ័យរោគ តែមានមូលហេតុពីរយ៉ាងដែលអ្នកអាចនឹងមិនចង់ទទួលយកជម្រើសនេះ៖
- មជ្ឈមណ្ឌលវិនិច្ឆ័យរោគអាចនឹងចំណាយពេលរហូតដល់ប្រាំមួយខែក្នុងការបញ្ចប់ការវាយតម្លៃ និង
- ព្រោះតែមជ្ឈមណ្ឌលវិនិច្ឆ័យរោគគឺជាទីភ្នាក់ងារសាធារណៈដែលមានទំនាក់ទំនងបន្តជាមួយមណ្ឌលសិក្សាធិការរបស់អ្នក នោះការវាយតម្លៃអាចនឹងមានការរឹតត្បិតច្រើននៅក្នុងអនុសាសន៍របស់មជ្ឈមណ្ឌលនេះ។
