ច្បាប់សហព័ន្ធតម្រូវថា៖
- តេស្តត្រូវតែត្រូវបានជ្រើសរើស និងចាត់ចែងឲ្យធ្វើដោយគ្មានការរើសអើងពូជសាសន៍ វប្បធម៌ ឬភេទ
- តេស្តត្រូវតែត្រូវបានចាត់ចែងឲ្យធ្វើជាភាសាទីមួយរបស់សិស្ស ឬជារបៀបប្រាស្រ័យទាក់ទងផ្សេងទៀត
- តេស្ដត្រូវតែមានសុពលភាពសម្រាប់គោលបំណងជាក់លាក់ដែលពួកវាត្រូវបានប្រើប្រាស់
- ការធ្វើតេស្តត្រូវតែវាយតម្លៃផ្នែកជាក់លាក់នៃតម្រូវការអប់រំ និងមិនគ្រាន់តែបង្កើតកម្រិតបញ្ញាទូទៅតែឯងនោះទេ (គ្មាននីតិវិធីណាមួយតែឯងអាចត្រូវបានប្រើជាលក្ខណៈវិនិច្ឆ័យផ្ដាច់មុខសម្រាប់កំណត់កម្មវិធីអប់រំដែលសមស្របសម្រាប់សិស្សទេ)
- នៅពេលសិស្សដែលមានជំនាញផ្នែកវិញ្ញាណ ហត្ថកម្ម និងការនិយាយចុះខ្សោយ ការធ្វើតេស្តនោះត្រូវតែធានាថាលទ្ធផល ឆ្លុះបញ្ចាំងយ៉ាងសុក្រិតអំពីកម្រិតទេពកោសល្យ និងលទ្ធផលរបស់សិស្ស និងមិនមែនជាជំនាញដែលចុះខ្សោយរបស់សិស្សនោះទេ លើកលែងតែជំនាញទាំងនោះត្រូវបានវាស់ស្ទង់ដោយការធ្វើតេស្តនោះ។
- ប្រសិនបើសមស្រប សិស្សត្រូវតែទទួលបានការវាយតម្លៃនៅគ្រប់ផ្នែកដែលពាក់ព័ន្ធនឹងពិការភាពដែលបានសង្ស័យ រួមមានសុខភាពនិងការលូតលាស់ គំហើញ (រួមទាំងការខ្សោយគំហើញផងដែរ) ការស្ដាប់ សមត្ថភាពចលករ សមត្ថភាពទូទៅ លទ្ធផលសិក្សា ការជួយខ្លួនឯង ជំនាញតម្រង់ទិសនិងចល័តភាព សមត្ថភាពជំនាញអាជីពវិជ្ជាជីវៈ និងចំណាប់អារម្មណ៍ និងស្ថានភាពសង្គមនិងអារម្មណ៍។ 1
លើសពីនេះ សម្រាប់កុមារដែលគ្មាន ឬមានជំនាញភាសាអង់គ្លេសនៅមានកម្រិត នោះត្រូវតែផ្ដល់នីតិវិធី និងឯកសារជាភាសាកំណើត ឬជារបៀបប្រាស្រ័យទាក់ទងរបស់សិស្ស ហើយត្រូវតែផ្ដល់ព័ត៌មានត្រឹមត្រូវអំពីអ្វីដែលសិស្សចេះនិងអាចធ្វើបានក្នុងការសិក្សា ការលូតលាស់ និងការបំពេញមុខងារ លើកលែងតែវាច្បាស់លាស់ថាពុំអាចធ្វើដូច្នោះបានមែន។ 2
ច្បាប់សហព័ន្ធតម្រូវឱ្យមាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀតផ្ដល់ការយល់ព្រមដោយយល់ដឹងចំពោះនីតិវិធីវាយតម្លៃសិស្ស និងការផ្ដល់កន្លែងឱ្យសិស្ស។ ការយល់ព្រមដោយយល់ដឹង មានន័យថា ក្នុងនាមជាមាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀត អ្នកបានទទួលការជូនដំណឹងយ៉ាងពេញលេញអំពីព័ត៌មានទាំងអស់ដែលទាក់ទងនឹងសកម្មភាពដែលត្រូវការស្វែងរកការយល់ព្រម ជាភាសាកំណើតរបស់អ្នក ឬជារបៀបប្រាស្រ័យទាក់ទងផ្សេងទៀត។ 3
ច្បាប់រដ្ឋនៅកាលីហ្វ័រញ៉ាផ្ដល់ការការពារដូចគ្នានឹងច្បាប់សហព័ន្ធដែរ។ លើសពីនេះទៀត រដ្ឋតម្រូវឱ្យ៖
- ផ្ដល់ផែនការវាយតម្លៃជាភាសាទីមួយរបស់មាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀត លើកលែងតែច្បាស់លាស់ថាមិនអាចធ្វើដូច្នោះបានមែន
- ធ្វើការវាយតម្លៃផ្លូវចិត្តរបស់សិស្សដោយចិត្តវិទូសាលារៀនដែលមានសមត្ថភាព ដែលបានបណ្ដុះបណ្ដាលនិងត្រៀមឱ្យវាយតម្លៃកត្តាវប្បធម៌និងជនជាតិ ដែលសមស្របជាមួយសិស្សដែលត្រូវវាយតម្លៃ និង
- បញ្ចូលសេវាកម្ម កម្មវិធី គោលបំណង និងគោលដៅដែលសមស្របខាងភាសានៅក្នុងកម្មវិធី IEP របស់សិស្ស សម្រាប់សិស្សដែលប្រើភាសាទីមួយក្រៅពីអង់គ្លេស។ 4
