បាទ/ចាស។ បើអ្នកមិនយល់ព្រមចំពោះការវាយតម្លៃរបស់មណ្ឌលសិក្សាធិការទេ អ្នកអាចសុំឲ្យមណ្ឌលសិក្សាធិការបង់ថ្លៃសម្រាប់ការវាយតម្លៃការអប់រំដោយឯករាជ្យ (IEE) បាន។ 1 អ្នកគួរតែធ្វើការស្នើសុំរបស់អ្នកជាលាយលក្ខណ៍អក្សរជូនទៅអ្នកជំនាញខាងកម្មវិធីរបស់កូនអ្នក ហើយផ្ញើសេចក្ដីចម្លងមួយច្បាប់ជូនទៅនាយកទទួលបន្ទុកផ្នែកអប់រំពិសេសរបស់មណ្ឌលសិក្សាធិការ។ វាជាការសំខាន់ដែលអ្នកបញ្ជាក់ថា សំណើរបស់អ្នកជាការមិនយល់ស្របជាមួយការវាយតម្លៃដែលធ្វើឡើងដោយមណ្ឌលសិក្សាធិការ។
នៅពេលមណ្ឌលសិក្សាធិការទទួលបានសំណើជាលាយលក្ខណ៍របស់អ្នកសុំការវាយតម្លៃ IEE នោះមណ្ឌលសិក្សាធិការមានជម្រើសពីរ៖ ផ្ដល់ប្រាក់ ឬ ប្ដឹង។ ពោលគឺ មណ្ឌលសិក្សាធិការត្រូវតែបង់ប្រាក់សម្រាប់ការវាយតម្លៃឯករាជ្យ (ផ្ដល់ប្រាក់) ឬក៏ប្ដឹងសុំនីតិវិធីត្រឹមត្រូវតាមផ្លូវច្បាប់ (ប្ដឹង) ដែលអះអាងថា ការវាយតម្លៃរបស់មណ្ឌលសិក្សាធិការគឺ “សមស្រប”។ បើមណ្ឌលសិក្សាធិការមិនបានឆ្លើយតបដោយការបង់ប្រាក់សម្រាប់ IEE ឬដោយការប្ដឹងសុំនីតិវិធីត្រឹមត្រូវតាមផ្លូវច្បាប់ នោះមណ្ឌលសិក្សាធិការមិនបានអនុវត្តតាមច្បាប់ទេ។
បើមណ្ឌលសិក្សាធិការសម្រេចចិត្តប្ដឹងសុំនីតិវិធីត្រឹមត្រូវតាមផ្លូវច្បាប់ និងឡើងសវនាការ ហើយមន្ត្រីសវនាការកំណត់ថា ការវាយតម្លៃរបស់មណ្ឌលសិក្សាធិការគឺត្រឹមត្រូវ នោះអ្នកនៅតែមានសិទ្ធិធ្វើការវាយតម្លៃឯករាជ្យបាន ប៉ុន្តែមិនស្ថិតក្រោមការចំណាយសាធារណៈទេ។ 2 នៅពេលអ្នកធ្វើសំណើសុំ IEE មណ្ឌលសិក្សាធិការអាចនឹងស្នើសុំឱ្យអ្នកកំណត់ផ្នែកជាក់លាក់នានាដែលមិនយល់ស្របជាមួយការវាយតម្លៃរបស់មណ្ឌលសិក្សាធិការ។ អ្នកមិនចាំបាច់ផ្ដល់ការពន្យល់ដល់មណ្ឌលសិក្សាធិការទេ ហើយសំណើសុំព័ត៌មានណាមួយដោយមណ្ឌលសិក្សាធិការ មិនអាចប្រើដើម្បីពន្យារពេលការឆ្លើយតបរបស់មណ្ឌលសិក្សាធិការចំពោះសំណើសុំ IEE របស់អ្នកបានទេ។ 3 មណ្ឌលសិក្សាធិការត្រូវតែផ្ដល់ព័ត៌មានឱ្យអ្នកអំពីកន្លែងដែលអាចទទួលបាន IEE និងលក្ខណៈវិនិច្ឆ័យជាមូលដ្ឋានអំពីទីភ្នាក់ងារសម្រាប់ IEE។ 4
ក្រោមបទប្បញ្ញត្តិសហព័ន្ធ មណ្ឌលសិក្សាធិការត្រូវតែឆ្លើយតបនឹងសំណើរបស់អ្នកសុំការវាយតម្លៃ IEE “ដោយគ្មានការពន្យារពេលមិនសមស្រប” នោះទេ។ [34 C.F.R. Sec. 300.502(b)(2).] ស្របគ្នានេះបទប្បញ្ញត្តិសហព័ន្ធមិនកំណត់អំពីអ្វីដែលបង្កើតបានជា “ការពន្យារពេលដែលមិនចាំបាច់” ទេ ការិយាល័យសវនាការរដ្ឋបាលបានកំណត់នៅក្នុងករណីមួយថា ការពន្យារពេលរបស់មណ្ឌលសិក្សាធិការក្នុងការផ្ដល់ការវាយតម្លៃផ្នែកអប់រំដោយឯករាជ្យក្រោមការចំណាយសាធារណៈលើសពីប្រាំខែ បានរំលោភលក្ខខណ្ឌតម្រូវអំពី “ការគ្មានការពន្យារពេលដែលមិនចាំបាច់” របស់សហព័ន្ធ ទោះបីជាមានការខិតខំដោយសុទ្ធចិត្តនិងការចរចាកំពុងបន្តដោយមណ្ឌលសិក្សាធិការជាមួយអ្នកវាយតម្លៃដែលបានដាក់ស្នើក៏ដោយ។ 5
មូលហេតុមួយដែលមាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀតអាចនឹងមិនយល់ស្របជាមួយការវាយតម្លៃដំណាក់កាលដំបូង ឬការវាយតម្លៃឡើងវិញរបស់មណ្ឌលសិក្សាធិការគឺ បើមណ្ឌលសិក្សាធិការមិនបានកំណត់ពេញលេញនូវផ្នែកទាំងអស់ដែលត្រូវការការវាយតម្លៃ។ ក្នុងករណីបែបនេះ មាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀតមានសិទ្ធិស្នើសុំ IEE ក្រោមការចំណាយសាធារណៈបាន។ នេះគឺដោយសារច្បាប់ចែងថា មណ្ឌលសិក្សាធិការត្រូវតែវាយតម្លៃសិស្សគ្រប់ផ្នែកទាំងអស់ដែលពាក់ព័ន្ធនឹងពិការភាពដែលបានសង្ស័យរបស់កុមារនោះ ហើយការវាយតម្លៃត្រូវតែ “មានលក្ខណៈទូលំទូលាយគ្រប់គ្រាន់ក្នុងការកំណត់សេចក្ដីត្រូវការការអប់រំពិសេសនិងសេវាកម្មពាក់ព័ន្ធទាំងអស់របស់កុមារ ថាតើទាក់ទងជាទូទៅឬទេ ទៅនឹងប្រភេទពិការភាព” របស់កុមារ។ 6 ម្យ៉ាងទៀត នៅពេលមាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀតស្នើសុំ IEE ដើម្បីវាយតម្លៃផ្នែកដែលត្រូវការដែលមិនមាននៅក្នុងការវាយតម្លៃរបស់មណ្ឌលសិក្សាធិការ នោះមណ្ឌលសិក្សាធិការត្រូវតែប្ដឹងសុំនីតិវិធីត្រឹមត្រូវតាមផ្លូវច្បាប់ ឬផ្ដល់ប្រាក់សម្រាប់ IEE។ មណ្ឌលសិក្សាធិការនៅចំណុចនោះគ្មានជម្រើសក្នុងការធ្វើការវាយតម្លៃដោយខ្លួនឯងជាមុន ឬជំនួសឱ្យ IEE ទេ។ 7
អ្នកអាចដាក់បណ្ដឹងពីបទអនុលោមភាពដើម្បីស្នើឱ្យក្រសួងអប់រំរដ្ឋកាលីហ្វ័រញ៉ា (CDE) កំណត់ថា តើមណ្ឌលសិក្សាធិការគួរតែផ្ដល់ប្រាក់សម្រាប់ IEE ដោយសារការពន្យារពេលដែលមិនចាំបាច់ក្នុងការឆ្លើយតបចំពោះសំណើរបស់មាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀត ឬដោយសារមិនបានវាយតម្លៃគ្រប់ផ្នែកទាំងអស់ដែលពាក់ព័ន្ធនឹងពិការភាពរបស់កូនអ្នកឬទេ។ សូមមើល ជំពូក 6 ព័ត៌មានស្តីពីនីតិវិធីត្រឹមត្រូវតាមផ្លូវច្បាប់/នីតិវិធីនៃអនុលោមភាព។
ជាក់ស្ដែង មណ្ឌលសិក្សាធិការជួនកាលស្នើសុំឱ្យមាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀតចូលរួមក្នុងការសម្រុះសម្រួលតាមនីតិវិធីត្រឹមត្រូវតាមផ្លូវច្បាប់អំពីសំណើរបស់មាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀតដែលសុំ IEE។ ទោះបីជាមាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀតអាចជ្រើសរើសចូលរួមដោយស្ម័គ្រចិត្តក្នុងការសម្រុះសម្រួលតាមនីតិវិធីត្រឹមត្រូវតាមផ្លូវច្បាប់អំពីសំណើសុំ IEE របស់ខ្លួនក៏ដោយ ក៏មណ្ឌលសិក្សាធិការមិនអាចទាមទារដោយឯកតោភាគីឲ្យមាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀតចូលរួមដែរ។ ដូចបានពន្យល់ខាងលើ មណ្ឌលសិក្សាធិការមានជម្រើសតែពីរប៉ុណ្ណោះក្នុងការឆ្លើយតបនឹងសំណើសុំ IEE របស់មាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀតពោលគឺត្រូវប្ដឹងសុំសវនាការតាមនីតិវិធីត្រឹមត្រូវតាមផ្លូវច្បាប់ ឬក៏យល់ព្រមផ្ដល់ប្រាក់សម្រាប់ IEE។ ការសម្រុះសម្រួលតាមនីតិវិធីត្រឹមត្រូវតាមផ្លូវច្បាប់ គឺខុសពីការប្ដឹងសុំសវនាការតាមនីតិវិធីត្រឹមត្រូវតាមផ្លូវច្បាប់។ សូមមើល ជំពូក 6 ព័ត៌មានស្តីពីនីតិវិធីត្រឹមត្រូវតាមផ្លូវច្បាប់/នីតិវិធីនៃអនុលោមភាព។ ដូច្នោះហើយ មាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀតដែលមិនចង់ចូលរួមក្នុងការសម្រុះសម្រួលតាមនីវិធីត្រឹមត្រូវតាមផ្លូវច្បាប់ជាមួយមណ្ឌលសិក្សាធិការអំពីសំណើសុំ IEE របស់ខ្លួនអាចស្នើឱ្យមណ្ឌលសិក្សាធិការឆ្លើយតបដោយការប្ដឹង ឬផ្ដល់ប្រាក់ជំនួសវិញ។
- 34 C.F.R. Sec. 300.502(b); Cal. Ed. Code Sec. 56329(b).[↩]
- 34 C.F.R. Sec. 300.502(b)(3); Cal. Ed. Code Sec. 56329(c).[↩]
- 34 C.F.R. Sec. 300.502(b)(4).[↩]
- 34 C.F.R. Sec. 300.502(a)(2).[↩]
- សិស្ស v. មណ្ឌលសិក្សាធិការរួបរួម Dixon សំណុំរឿង OAH លេខ 2013090674, 114 LRP 29153 (18 មេសា 2014)។[↩]
- 34 C.F.R. Sec. 300.304(c)(6); Cal Ed. Code Sec. 56320(f).[↩]
- កម្មវិធីការិយាល័យអប់រំពិសេស (OSEP), លិខិតទៅកាន់ Carroll (22 តុលា 2016), 68 IDELR 279។[↩]
