មណ្ឌលសិក្សាធិការរបស់អ្នកមានកាតព្វកិច្ចជាវិជ្ជមានក្នុងការ “កំណត់អត្តសញ្ញាណ កំណត់ទីតាំង និងធ្វើការវាយតម្លៃ” ចំពោះកុមារទាំងអស់ដែលមានពិការភាព ដែលពួកគេអាចមានសិទ្ធិទទួលបានការអប់រំពិសេស រួមទាំងអ្នកដែលកំពុងចូលរៀននៅសាលាឯកជន ឬគ្មានទីជម្រក ឬជាបាលិតរបស់តុលាការផងដែរ។ 1 នេះហៅថា “ការពិនិត្យរកពិការភាពកុមារ (Child Find)” បើមណ្ឌលសិក្សាធិការមានហេតុផលក្នុងការសង្ស័យថា កូនរបស់អ្នកមានពិការភាព នោះគាត់មានភារកិច្ចរបស់ខ្លួនផ្ទាល់ក្នុងការធ្វើការវាយតម្លៃពេញលេញដើម្បីកំណត់ពីសិទ្ធិទទួលបាន។ កម្រិតសម្រាប់ការសង្ស័យអំពីពិការភាពដែលត្រូវការការវាយតម្លៃគឺទាបគួរសម។ មណ្ឌលសិក្សាធិការត្រូវតែវាយតម្លៃសិស្សដោយផ្អែកលើការសង្ស័យអំពីពិការភាពនិងតម្រូវការដែលជាផលវិបាកចំពោះសេវាកម្ម ថាតើសិស្សពិតជាមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់សេវាកម្មអប់រំពិសេសឬទេ។ 2 វាគឺជាដំណើរការវាយតម្លៃដែលកំណត់សិទ្ធិទទួលបានការអប់រំពិសេសសម្រាប់សិស្សដែលមានពិការភាពដែលត្រូវបានសង្ស័យ។
អ្នកក៏អាចធ្វើការបញ្ជូនបន្តសម្រាប់ការវាយតម្លៃនេះគ្រប់ពេលវេលាផងដែរ។ ផ្ញើលិខិតណែនាំបញ្ជូនជាលាយលក្ខណ៍អក្សរដែលមានចុះកាលបរិច្ឆេទទៅរដ្ឋបាលនៃសាលារៀនក្នុងមូលដ្ឋានរបស់អ្នក (ដូចជា នាយកសាលា ឬអ្នកប្រឹក្សាកម្មវិធីអប់រំពិសេសជាដើម) គូសបញ្ជាក់ពីផ្នែកដែលអ្នកព្រួយបារម្ភអំពីពិការភាពរបស់កូនអ្នកដែលត្រូវបានសង្ស័យ និងស្នើសុំ “ការវាយតម្លៃ”។ តាមដានតាមរយៈការហៅទូរសព្ទដើម្បីធានាថា មណ្ឌលសិក្សាដឹងអំពីលិខិតណែនាំបញ្ជូនបន្តរបស់អ្នក និងដើម្បីរំឭកពួកគេអំពីកាលវេលាកំណត់ដែលពួកគេត្រូវធ្វើតាម។
ពេលណាដែលមណ្ឌលសិក្សាធិការទទួលបានការបញ្ជូនបន្តជាលាយលក្ខណ៍អក្សររបស់អ្នកសម្រាប់ការវាយតម្លៃ ដំណើរការវាយតម្លៃត្រូវតែចាប់ផ្ដើម។ ការបញ្ជូនបន្តត្រូវបានឲ្យនិយមន័យថាជាការស្នើជាលាយលក្ខណ៍អក្សរសុំការវាយតម្លៃដោយមាតាបិតា អាណាព្យាបាល ឪពុកម្ដាយចិញ្ចឹម គ្រូបង្រៀន ឬអ្នកផ្តល់សេវាផ្សេងទៀត។ [Cal. Ed. Code Sec. 56029.] ស្ថិតក្រោមបទបញ្ញត្តិរដ្ឋកាលីហ្វ័រញ៉ា គ្រប់សំណើសុំបញ្ជូនបន្តជាលាយលក្ខណ៍អក្សរទាំងអស់ត្រូវផ្ដួចផ្ដើមដំណើរការវាយតម្លៃ។ [5 Cal. Code of Regulations (C.C.R.) Sec. 3021.] ប្រសិនបើអ្នកហៅទូរសព្ទ ឬនិយាយទៅកាន់បុគ្គលិកសាលាសុំធ្វើការបញ្ជូនបន្ត នោះមណ្ឌលសិក្សាធិការត្រូវតែជួយដាក់សំណើសុំរបស់អ្នកជាលាយលក្ខណ៍អក្សរ។ 3
សូមមើលលិខិតគំរូ – សំណើសុំវាយតម្លៃ ផ្នែកឧបសម្ព័ន្ធ – ឧបសម្ព័ន្ធ A។
បើមណ្ឌលសិក្សាបដិសេធមិនវាយតម្លៃកូនរបស់អ្នកតាមការស្នើសុំការវាយតម្លៃជាលាយលក្ខណ៍អក្សររបស់អ្នកទេ ពួកគេត្រូវបដិសេធដោយមានឯកសារជាលាយលក្ខណ៍អក្សរដែលហៅថាសេចក្ដីជូនដំណឹងជាមុនជាលាយលក្ខណ៍អក្សរ ដោយពួកគេពន្យល់ពីមូលហេតុដែលពួកគេបដិសេធ និងព័ត៌មានដែលពួកគេបានប្រើដើម្បីធ្វើសេចក្ដីសម្រេចនេះ។ 4 បើអ្នកមិនយល់ស្របនឹងការបដិសេធរបស់មណ្ឌលសិក្សាទេ អ្នកមានសិទ្ធិជំទាស់ការបដិសេធនោះដោយដាក់បណ្ដឹងពីបទអនុលោមភាពទៅអង្គភាពសម្រុះសម្រួលនិងគ្រប់គ្រងបណ្ដឹងនៃក្រសួងអប់រំរដ្ឋកាលីហ្វ័រញ៉ា (CDE) ឬអ្នកអាចស្នើសុំសវនាការតាមនីតិវិធីត្រឹមត្រូវតាមផ្លូវច្បាប់។ សូមមើល ជំពូក 6 ព័ត៌មានស្ដីពីសវនាការតាមនីតិវិធីត្រឹមត្រូវតាមផ្លូវច្បាប់/បណ្ដឹងពីបទអនុលោមភាព។
