តាមច្បាប់រដ្ឋ មណ្ឌលសិក្សាធិការបស់អ្នកត្រូវតែផ្តល់ឲ្យអ្នកនូវផែនការវាយតម្លៃក្នុងរយៈពេល 15 ថ្ងៃ បន្ទាប់ពីទទួលបានការបញ្ជូនបន្តជាលាយលក្ខណ៍អក្សរសុំសេវាកម្មអប់រំពិសេស។ ប្រសិនបើការបញ្ជូនបន្តទៅវាយតម្លៃត្រូវបានធ្វើឡើងក្នុងរយៈពេល 10 ថ្ងៃ ឬតិចជាងនេះ នៅមុនដំណាច់ឆ្នាំសិក្សាធម្មតា ផែនការវាយតម្លៃនោះត្រូវតែបង្កើតឡើងក្នុងរយៈពេល 10 ថ្ងៃ ក្រោយពេលសាលាចាប់ផ្តើមឆ្នាំសិក្សាបន្ទាប់។ 1 ផែនការវាយតម្លៃត្រូវតែ៖
- ប្រើភាសាដែលងាយស្រួលយល់ដឹងដោយសាធារណជនទូទៅ
- ផ្ដល់ជូនជាភាសាទីមួយរបស់មាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀត ឬជារបៀបប្រាស្រ័យទាក់ទងផ្សេងទៀតដែលប្រើដោយមាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀត លើកលែងតែច្បាស់លាស់ថាមិនអាចធ្វើដូច្នោះបានមែន
- ពន្យល់ពីប្រភេទនៃការវាយតម្លៃដែលត្រូវធ្វើ
- ថ្លែងថា គ្មានកម្មវិធីអប់រំលក្ខណៈបុគ្គលណាមួយនឹងត្រូវបានបង្កើតឡើងពីការវាយតម្លៃដោយគ្មានការយល់ព្រមពីមាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀតឡើយ
- បញ្ចូលសេចក្ដីចម្លងការជូនដំណឹងអំពីសិទ្ធិជាឪពុកម្ដាយដែលរួមមានការពន្យល់អំពីការការពារតាមនីតិវិធីទាំងអស់ក្រោមច្បាប់អប់រំពិសេសរបស់សហព័ន្ធនិងរដ្ឋ
- បញ្ចូលសេចក្ដីពណ៌នាអំពីយន្តការផ្សេងទៀតក្នុងការដោះស្រាយវិវាទដែលមានក្រោមច្បាប់រដ្ឋ
- សេចក្ដីពណ៌នាអំពីការវាយតម្លៃថ្មីៗដែលបានធ្វើឡើង (ដូចជា ការវាយតម្លៃឯករាជ្យ និងព័ត៌មានវាយតម្លៃដែលមាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀតស្នើសុំឱ្យធ្វើការពិចារណា) និង
- ព័ត៌មានដែលថ្លែងពីភាសាទីមួយរបស់សិស្ស និងភាពស្ទាត់ជំនាញក្នុងភាសានោះ។ 2
អ្នកមានពេលយ៉ាងតិច 15 ថ្ងៃ ដើម្បីឆ្លើយតប ឬឯកភាពទៅនឹងផែនការវាយតម្លៃនេះ។ 3 ពេលមណ្ឌលសិក្សាធិការទទួលបានផែនការវាយតម្លៃដែលមានហត្ថលេខា ពួកគេមានពេល 60 ថ្ងៃ (ដោយមិនរាប់បញ្ចូលថ្ងៃឈប់សម្រាករបស់សាលារៀនដែលលើសពី ប្រាំ (5) ថ្ងៃ និងថ្ងៃដែលសាលារៀនមិនមានវគ្គសិក្សាដូចជា ពេលសម្រាករដូវរងា ឬពេលសម្រាករដូវក្ដៅ) ដើម្បីបំពេញការវាយតម្លៃ និងកោះប្រជុំអំពីកម្មវិធីអប់រំលក្ខណៈបុគ្គល (IEP) ដើម្បីកំណត់ថាតើកុមារមានសិទ្ធិទទួលការអប់រំពិសេសឬទេ រួចបង្កើតកម្មវិធី IEP ឱ្យកុមារ បើរកឃើញថា កុមារមានសិទ្ធិទទួលបាន។ 4 ពេលរកឃើញថា កុមារមានសិទ្ធិទទួលបាន នោះគាត់មិនអាចនឹងត្រូវបានឱ្យចេញពីការអប់រំពិសេសដោយគ្មានការវាយតម្លៃដែលបង្ហាញថា គាត់លែងមានសិទ្ធិទទួលនោះទេ។ 5
ប្រសិនបើកុមារត្រូវបានបញ្ជូនបន្តទៅកាន់ការអប់រំពិសេសក្នុងរយៈពេល 30 ថ្ងៃ ឬតិចជាងនេះ នៅមុនដំណាច់ឆ្នាំសិក្សា នោះមណ្ឌលសិក្សាធិការត្រូវតែរៀបចំកិច្ចប្រជុំដើម្បីបង្កើតកម្មវិធី IEP ក្នុងរយៈពេល 30 ថ្ងៃ បន្ទាប់ពីការចាប់ផ្តើមឆ្នាំសិក្សាបន្ទាប់។ 6
