ប្រសិនបើសមស្រប សិស្សត្រូវតែទទួលបានការវាយតម្លៃនៅគ្រប់ផ្នែកដែលពាក់ព័ន្ធនឹងពិការភាពដែលបានសង្ស័យ ឬពិការភាពនានារួមមាន សុខភាព និងការលូតលាស់ គំហើញ (រួមទាំងការខ្សោយគំហើញផងដែរ) ការស្ដាប់ សមត្ថភាពចលករ មុខងារភាសា សមត្ថភាពទូទៅ លទ្ធផលសិក្សា ការជួយខ្លួនឯង ជំនាញតម្រង់ទិសនិងចល័តភាព សមត្ថភាពជំនាញអាជីពវិជ្ជាជីវៈ និងចំណាប់អារម្មណ៍ និងស្ថានភាពសង្គមនិងអារម្មណ៍។ ប្រវត្តិនៃការលូតលាស់ គប្បីផ្តល់ជូន ប្រសិនបើសមស្រប។ 1
បទប្បញ្ញត្តិរបស់សហព័ន្ធនិងរដ្ឋបានបញ្ជាក់ថា ការវាយតម្លៃត្រូវតែ “មានលក្ខណៈទូលំទូលាយគ្រប់គ្រាន់ក្នុងការកំណត់សេចក្ដីត្រូវការការអប់រំពិសេសនិងសេវាកម្មពាក់ព័ន្ធទាំងអស់របស់កុមារ ថាតើទាក់ទងជាទូទៅឬទេ” ទៅនឹងប្រភេទពិការភាពរបស់កុមារ។ 2 មណ្ឌលសិក្សាធិការត្រូវតែប្រើឧបករណ៍ធ្វើតេស្តត្រឹមត្រូវតាមបច្ចេកទេសដែលបង្ហាញពីឥទ្ធិពលដែលកត្តាខាងការយល់ដឹង ខាងអាកប្បកិរិយា ខាងរាងកាយ និងខាងការលូតលាស់មានទៅលើការបំពេញមុខងាររបស់កុមារ។ ជាទូទៅ មណ្ឌលសិក្សាធិការត្រូវតែប្រើឧបករណ៍វាយតម្លៃ និងយុទ្ធសាស្ត្រដែលផ្ដល់ព័ត៌មានពាក់ព័ន្ធ ដែលជួយដោយផ្ទាល់ដល់អ្នកដែលធ្វើការកំណត់ពីសេចក្ដីត្រូវការរបស់កុមារខាងការអប់រំ។ 3
លើសពីនេះទៀត មណ្ឌលសិក្សាធិការត្រូវតែពិចារណាថា តើកូនរបស់អ្នកត្រូវការបច្ចេកវិទ្យាជំនួយ (AT) ដើម្បីបានអត្ថប្រយោជន៍ពីការបង្រៀនឬទេ។ នេះអាចមានន័យថា ធ្វើការវាយតម្លៃសម្រាប់សេវាកម្មឬឧបករណ៍ណាមួយដែលជួយដោយផ្ទាល់ដល់កុមារក្នុងការជ្រើសរើស ការទទួលបាន ឬការប្រើឧបករណ៍ AT។ ការវាយតម្លៃត្រូវតែរួមមាន “ការវាយតម្លៃខាងមុខងារ” របស់កូនអ្នកនៅក្នុង “មជ្ឈដ្ឋានតាមតម្រូវការ” របស់កុមារ។ [34 C.F.R. Sec. 300.6.] ការវាយតម្លៃគួរតែជួយដល់មាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀត និងមណ្ឌលសិក្សាធិការក្នុងការកំណត់ខ្លឹមសារនៃកម្មវិធី IEP របស់កូនអ្នក បើកុមារត្រូវបានរកឃើញថាមានសិទ្ធិទទួលបានការអប់រំពិសេស 4 ហើយសេវាកម្មនិងបច្ចេកវិទ្យាជំនួយគឺជាសមាសភាគដែលអាចមាននៅក្នុងកម្មវិធី IEP របស់កុមារ។ 5 សូមមើល ជំពូក 5 ព័ត៌មានស្តីពីសេវាកម្មពាក់ព័ន្ធ។
នៅពេលមណ្ឌលសិក្សាធិការមានហេតុផលក្នុងការសង្ស័យថា កុមារមានពិការភាព នោះមណ្ឌលសិក្សាធិការត្រូវតែធ្វើការវាយតម្លៃដំបូងជាលក្ខណៈដោយឡែកនិងពេញលេញ ដែលធានាថា កុមារត្រូវបានវាយតម្លៃសម្រាប់ពិការភាពដែលសង្ស័យគ្រប់ផ្នែកទាំងអស់ ដោយប្រើឧបករណ៍ត្រឹមត្រូវតាមបច្ចេកទេសនិងអាចទុកចិត្តបានច្រើនប្រភេទ។ បើមិនបានធ្វើដូច្នោះទេ នោះមណ្ឌលសិក្សាធិការជាគោលការណ៍គឺរំលោភច្បាប់អប់រំពិសេស ហើយនឹងមិនអាចរៀបចំកម្មវិធី IEP ដែលដោះស្រាយសេចក្ដីត្រូវការពិសេសរបស់សិស្សបានទេ។ ការវាយតម្លៃរហ័ស ក៏ធ្វើឱ្យចុះខ្សោយផងដែរនូវលទ្ធភាពរបស់មាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀតក្នុងការចូលរួមពេញលេញក្នុងដំណើរការបង្កើតកម្មវិធី IEP។ 6
- Cal. Ed. Code Sec. 56320(f); 34 C.F.R. Sec. 300.304(c)(4).[↩]
- 34 C.F.R Sec. 300.304(c)(6); Cal Ed. Code Sec. 56320(f).[↩]
- 34 C.F.R. Sec. 300.304(c)(7).[↩]
- 34 C.F.R. Sec. 300.304(b)(1)(ii)[↩]
- 34 C.F.R. Sec. 300.324(a)(2)(v); Cal. Ed. Code 56341.1(b)(5).[↩]
- Timothy O. v. មណ្ឌលសិក្សាធិការរួបរួម Paso Robles (9th Cir. 2016) 822 F.3d 1105; 67 IDELR 227។[↩]
