ការធ្វើតេស្ត និងសម្ភារៈរង្វាយតម្លៃ ត្រូវតែបានជ្រើសរើស និងរៀបចំដើម្បីកុំឲ្យមានការរើសអើងជាតិសាសន៍ វប្បធម៌ និងផ្លូវភេទ ហើយត្រូវតែរៀបចំជាភាសាទីមួយរបស់សិស្ស ឬមធ្យោបាយទំនាក់ទំនងផ្សេងទៀត។ ការធ្វើតេស្ត ត្រូវតែធ្វើឲ្យបានសុពលភាពផងដែរសម្រាប់គោលបំណងជាក់លាក់ដែលបានប្រើប្រាស់។ ម្យ៉ាងទៀត ការធ្វើតេស្តត្រូវតែវាយតម្លៃលើផ្នែកជាក់លាក់នានានៃតម្រូវការអប់រំ និងមិនមែនគ្រាន់តែបង្កើតនូវភាពឆ្លាតវៃផ្នែកបញ្ញា (IQ) ទូទៅតែមួយមុខនោះទេ។ គ្មាននីតិវិធីតែមួយមុខណាមួយ អាចយកទៅប្រើប្រាស់សម្រាប់ជាលក្ខខណ្ឌវិនិច្ឆ័យទាំងស្រុងសម្រាប់កំណត់កម្មវិធីអប់រំដែលសមស្របសម្រាប់សិស្សនោះទេ។ នៅទីបំផុត សម្រាប់សិស្សដែលមានជំនាញវិញ្ញាណ ហត្ថកម្ម និងការនិយាយចុះខ្សោយ ការធ្វើតេស្តនោះត្រូវតែធានាថាលទ្ធផល ឆ្លុះបញ្ចាំងយ៉ាងសុក្រិតអំពីកម្រិតសម្បទានិងស្នាដៃរបស់សិស្ស និងមិនមែនជាជំនាញដែលចុះខ្សោយរបស់សិស្សនោះទេ លើកលែងតែជំនាញទាំងនោះត្រូវបានវាស់ស្ទង់ដោយការធ្វើតេស្តនោះ។ 1
បទបញ្ញត្តិសហព័ន្ធចែងថា ការវាយតម្លៃត្រូវតែ “មានភាពគ្រប់ជ្រុងជ្រោយគ្រប់គ្រាន់ដើម្បីកំណត់រាល់តម្រូវការអប់រំពិសេសរបស់កុមារ និងសេវាកម្មពាក់ព័ន្ធនានា មិនថាមានទំនាក់ទំនងជាទូទៅទៅនឹងប្រភេទពិការភាពដែលកុមារនោះត្រូវបានចាត់ថ្នាក់បញ្ចូលទៅក្នុងនោះដែរឬអត់នោះទេ។” 2
មណ្ឌលសិក្សាធិការត្រូវតែប្រើឧបករណ៍ធ្វើតេស្តត្រឹមត្រូវតាមបច្ចេកទេសដែលបង្ហាញពីឥទ្ធិពលដែលកត្តាខាងការយល់ដឹង ខាងអាកប្បកិរិយា ខាងរាងកាយ និងខាងការលូតលាស់មានទៅលើការបំពេញមុខងាររបស់កុមារ។ ជាទូទៅ មណ្ឌលសិក្សាធិការត្រូវតែប្រើ “ឧបករណ៍វាយតម្លៃ និងយុទ្ធសាស្ត្រដែលផ្តល់នូវព័ត៌មានពាក់ព័ន្ធដែលជួយដល់ក្រុមការងារកម្មវិធី IEP ដោយផ្ទាល់នៅក្នុងការកំណត់តម្រូវការអប់រំរបស់កុមារ។” 3
លើសពីនេះទៀត មណ្ឌលសិក្សាធិការត្រូវតែប្រើយុទ្ធសាស្ត្រនិងឧបករណ៍វាយតម្លៃច្រើនប្រភេទដើម្បីប្រមូលព័ត៌មានខាងការលូតលាស់និងមុខងារដែលពាក់ព័ន្ធអំពីកុមារ រួមទាំងព័ត៌មានដែលផ្ដល់ដោយមាតាបិតា/អាណាព្យាបាល/អ្នកមាន សិទ្ធិអប់រំផ្សេងទៀត។ ការវាយតម្លៃត្រូវតែប្រមូលផងដែរនូវព័ត៌មានដែលពាក់ព័ន្ធនឹងការធ្វើឱ្យកុមារចូលរួមនិងរីកចម្រើននៅក្នុងកម្មវិធីសិក្សាចំណេះទូទៅ ឬសម្រាប់កុមាររៀនថ្នាក់មត្តេយ្យកម្រិតទាបឱ្យចូលរួមក្នុងសកម្មភាពដែលសមស្រប។ 4
