វាជាការអនុវត្តដ៏ល្អដែលឱ្យអ្នកវាយតម្លៃឯករាជ្យរបស់អ្នកចូលរួមការសង្កេតនៅថ្នាក់រៀនដែលជាផ្នែកមួយនៃការវាយតម្លៃ។ បើមិនដូច្នោះទេ អ្នកជំនាញរបស់អ្នកនឹងរងការវាយប្រហារដោយមណ្ឌលសិក្សាធិការថា ផ្ដល់យោបល់ចេញពីទស្សនៈបែបគ្លីនិកដែលមិនពាក់ព័ន្ធនឹងអ្វីដែលកើតឡើងនៅក្នុងថ្នាក់រៀន។ បើការសង្កេតថ្លៃពេកឬចំណាយពេលច្រើន អ្នកវាយតម្លៃគួរតែយ៉ាងហោចណាស់ប្រាស្រ័យទាក់ទងជាមួយគ្រូ និងអ្នកផ្ដល់សេវាកម្មផ្សេងទៀត ដើម្បីប្រមូលព័ត៌មានគាំទ្រដល់ការសន្និដ្ឋាន និង/ឬអនុសាសន៍នៃការវាយតម្លៃឯករាជ្យ។
បើមណ្ឌលសិក្សាធិការបានសង្កេតកូនអ្នកធ្វើជាផ្នែកមួយនៃការវាយតម្លៃរបស់ខ្លួន ឬបើនីតិវិធីវាយតម្លៃរបស់មណ្ឌលសិក្សាធិការអនុញ្ញាតឱ្យធ្វើការសង្កេតក្នុងថ្នាក់ នោះអ្នកវាយតម្លៃឯករាជ្យមានសិទ្ធិដូចគ្នាក្នុងការសង្កេតកុមារនៅក្នុងកន្លែងអប់រំដែលបានស្នើឬកន្លែងរៀនបច្ចុប្បន្នរបស់ពួកគេ ទោះបីជាការវាយតម្លៃឯករាជ្យត្រូវបានធ្វើឡើងក្រោមការចំណាយឯកជនឬសាធារណៈក៏ដោយ។ សិទ្ធិនេះនៅតែមានទោះបីជាមានការស្នើសុំសវនាការតាមនីតិវិធីត្រឹមត្រូវតាមផ្លូវច្បាប់ឬអត់ក៏ដោយ។ 1
បើមណ្ឌលសិក្សាធិការបដិសេធមិនអនុញ្ញាតឱ្យអ្នកវាយតម្លៃឯករាជ្យចូលទីតាំងណាមួយដែលជាផ្នែកមួយនៃការវាយតម្លៃឯករាជ្យ នោះអ្នកអាចដាក់បណ្ដឹងពីបទអនុលោមភាពទៅក្រសួងអប់រំរដ្ឋកាលីហ្វ័រញ៉ា (CDE) ឬដាក់ញត្តិនៅការិយាល័យសវនាការរដ្ឋបាលដើម្បីពង្រឹងការអនុវត្តសិទ្ធិនេះបាន។ សូមមើល ជំពូក 6 ព័ត៌មានស្តីពីនីតិវិធីត្រឹមត្រូវតាមផ្លូវច្បាប់/នីតិវិធីនៃអនុលោមភាព។
សិទ្ធិក្នុងការសង្កេតកន្លែងរៀនដែលបានស្នើក៏អនុវត្តចំពោះមណ្ឌលសិក្សាធិការផងដែរ។ បើមាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀតកំពុងដាក់ស្នើឱ្យសាលារៀនបង់ប្រាក់ ឬបង់សងដល់មាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀតសម្រាប់ថ្លៃកន្លែងរៀននៅសាលារៀនឯកជន នោះមណ្ឌលសិក្សាធិការមានសិទ្ធិសង្កេតមើលសាលារៀនឯកជនដែលបានស្នើនោះ និង/ឬសង្កេតមើលសិស្សនៅក្នុងសាលារៀនឯកជនដែលបានស្នើនោះ បើមាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀតបានដាក់កុមារនៅទីនោះរួចហើយ។ 2
