Menu Close

(2.42) តើលក្ខខណ្ឌតម្រូវនៃច្បាប់មានអ្វីខ្លះដែលធានា​ឱ្យការវាយតម្លៃ​ផ្នែក​អប់រំពិសេសបានសមស្រប និងត្រឹមត្រូវសម្រាប់សិស្សពហុវប្បធម៌?

(2.42) តើលក្ខខណ្ឌតម្រូវនៃច្បាប់មានអ្វីខ្លះដែលធានា​ឱ្យការវាយតម្លៃ​ផ្នែក​អប់រំពិសេសបានសមស្រប និងត្រឹមត្រូវសម្រាប់សិស្សពហុវប្បធម៌?

ច្បាប់សហព័ន្ធតម្រូវថា៖

  1. តេស្តត្រូវតែត្រូវបានជ្រើសរើស និងចាត់ចែងឲ្យធ្វើដោយគ្មានការរើស​អើ​ង​ពូជសាសន៍ វប្បធម៌ ឬភេទ
  2. តេស្តត្រូវតែត្រូវបានចាត់ចែងឲ្យធ្វើជាភាសាទីមួយរបស់សិស្ស ឬជារបៀប​ប្រាស្រ័យទាក់ទងផ្សេងទៀត
  3. តេស្ដត្រូវតែមាន​សុពលភាព​​សម្រាប់​គោលបំណង​ជាក់លាក់​ដែល​ពួកវា​ត្រូវ​បាន​ប្រើប្រាស់​
  4. ការធ្វើតេស្តត្រូវតែវាយតម្លៃផ្នែកជាក់លាក់នៃតម្រូវការអប់រំ និងមិន​គ្រា​ន់​តែបង្កើតកម្រិតបញ្ញាទូទៅតែឯងនោះទេ (គ្មាននីតិវិធីណាមួយតែឯង​អាចត្រូវបានប្រើជាលក្ខណៈវិនិច្ឆ័យផ្ដាច់មុខសម្រាប់កំណត់កម្មវិធីអប់រំដែលសមស្របសម្រាប់សិស្សទេ)
  5. នៅពេលសិស្សដែលមាន​ជំនាញផ្នែកវិញ្ញាណ ហត្ថកម្ម​ និង​ការ​និយាយ​​ចុះ​ខ្សោយ​ ការធ្វើតេស្ត​នោះ​ត្រូវ​តែ​ធានា​ថា​លទ្ធផល​ ឆ្លុះ​ប​ញ្ចាំ​ង​​យ៉ាង​សុក្រិត​​អំពី​កម្រិត​ទេពកោសល្យ ​និងលទ្ធផលរបស់សិស្ស​​ និង​មិនមែន​ជា​ជំនាញ​ដែល​ចុះខ្សោយរបស់សិស្ស​នោះទេ លើកលែងតែជំនាញ​ទាំង​នោះ​ត្រូវបាន​វាស់ស្ទង់​ដោយការធ្វើតេស្តនោះ​។​
  6. ប្រសិន​បើ​សមស្រប សិស្សត្រូវតែ​ទទួលបាន​ការវាយតម្លៃ​​នៅ​គ្រប់ផ្នែក​ដែ​ល​ពាក់ព័ន្ធនឹង​ពិការ​ភាព​ដែលបានសង្ស័យ រួមមាន​សុខភាព​និង​ការ​លូ​ត​លា​ស់ គំហើញ​ (រួមទាំង​​ការខ្សោយ​គំហើញផងដែរ​​) ការស្ដាប់ សមត្ថភាព​ចលករ សមត្ថភាព​ទូទៅ លទ្ធផលសិក្សា ការជួយខ្លួនឯង ជំនាញ​តម្រ​ង់​ទិស​និង​ចល័តភាព សមត្ថភាព​ជំនាញ​អាជីពវិជ្ជាជីវៈ និង​ចំណា​ប់អារម្មណ៍ និង​ស្ថានភាព​សង្គម​និងអារម្មណ៍​។​ 1

លើសពីនេះ សម្រាប់កុមារដែលគ្មាន ឬមានជំនាញភាសាអង់គ្លេស​នៅមា​នកម្រិត នោះត្រូវតែផ្ដល់នីតិវិធី និងឯកសារជាភាសាកំណើត ឬជារបៀ​បប្រាស្រ័យទាក់ទងរបស់សិស្ស ហើយត្រូវតែផ្ដល់ព័ត៌មានត្រឹមត្រូវអំពីអ្វី​ដែ​ល​​សិស្ស​ចេះនិងអាចធ្វើបានក្នុងការសិក្សា ការលូតលាស់ និងការបំពេញ​មុខងារ លើកលែងតែវាច្បាស់លាស់ថាពុំអាចធ្វើដូច្នោះបានមែន។  2

ច្បាប់សហព័ន្ធតម្រូវឱ្យមាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀតផ្ដល់ការយល់ព្រមដោយយល់ដឹងចំពោះនីតិវិធីវាយតម្លៃសិស្ស និងការផ្ដល់កន្លែងឱ្យសិស្ស។ ការយល់ព្រមដោយយល់ដឹង មានន័យថា ក្នុងនាមជាមាតាបិតា/​អា​ណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀត អ្នកបានទទួល​ការជូន​ដំណឹ​ងយ៉ាងពេញលេញអំពីព័ត៌មានទាំងអស់ដែលទាក់ទងនឹងសកម្មភាពដែលត្រូវការស្វែងរកការយល់ព្រម ជាភាសាកំណើតរបស់អ្នក ឬជារបៀ​បប្រា​ស្រ័យទាក់ទងផ្សេងទៀត។ 3 

ច្បាប់រដ្ឋនៅកាលីហ្វ័រញ៉ាផ្ដល់ការការពារដូចគ្នានឹងច្បាប់សហព័ន្ធដែរ។  លើសពីនេះទៀត រដ្ឋតម្រូវឱ្យ៖

  1. ផ្ដល់ផែនការវាយតម្លៃជាភាសាទីមួយរបស់មាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀត លើកលែងតែច្បាស់លាស់ថាមិនអាច​ធ្វើ​ដូច្នោះបានមែន
  2. ធ្វើការវាយតម្លៃផ្លូវចិត្តរបស់សិស្សដោយចិត្តវិទូសាលារៀនដែលមានសមត្ថភាព ដែលបានបណ្ដុះបណ្ដាលនិងត្រៀមឱ្យវាយតម្លៃកត្តា​វប្បធម៌និង​ជន​ជាតិ ដែលសមស្របជាមួយសិស្សដែលត្រូវវាយតម្លៃ និង
  3. បញ្ចូលសេវាកម្ម កម្មវិធី គោលបំណង និងគោលដៅដែលសមស្រប​ខាង​ភា​សានៅក្នុងកម្មវិធី IEP របស់សិស្ស សម្រាប់សិស្សដែល​ប្រើភាសាទីមួយ​ក្រៅពីអង់គ្លេស។  4
  1. 34 C.F.R. Sec. 300.304.[]
  2. Cal. Educ. Code Sec. 56320(a)-(b).[]
  3. 34 C.F.R. Secs. 300.300 & 300.9.[]
  4. Cal. Ed. Code Secs. 56320(a)(3), 56321(b)(2), 56324(a), & 56345(b)(2).[]