អ្នក និងមណ្ឌលសិក្សាធិការ គួរអភិវឌ្ឍកម្មវិធី IEP របស់កូនអ្នកក្នុងនាមភាពជាដៃគូ។ កិច្ចប្រជុំកម្មវិធី IEP គួរតែគ្មានភាពចម្រូងចម្រាស់នោះទេ ដោយសារតែគោលបំណងរបស់ពួកគេ គឺការបង្កើតការសម្រេចចិត្តលើការអប់រំ សម្រាប់ជាប្រយោជន៍ដល់សិស្សដែលមានពិការភាព។ [Cal. Ed. Code Sec. 56341.1(h).] ទាំងអ្នក និងមណ្ឌលសិក្សាធិការ ត្រូវរួមគ្នាធ្វើសេចក្តីសម្រេចចិត្តចុងក្រោយដែលត្រូវបង្កើតឡើងពាក់ព័ន្ធនឹងកម្មវិធីរបស់កូនអ្នក។ យកល្អ កិច្ចប្រជុំកម្មវិធី IEP នេះគួរតែអនុវត្តតាមកិច្ចដំណើរការនេះ៖
- ការពិភាក្សា និងការពិពណ៌នាអំពីកម្រិតមុខងារបច្ចុប្បន្នរបស់កូនអ្នក (រួមទាំងមុខងារក្នុងការសិក្សា និងក្រៅការសិក្សា និងមុខងារនៅក្នុងកម្មវិធីសិក្សាទូទៅផងដែរ)។
- ការបង្កើតគោលដៅប្រចាំឆ្នាំដែលអាចវាស់ស្ទង់បាន ដែលទាមទារឲ្យមានការប្រឹងប្រែងនៅក្នុងស្ថានភាពរបស់កូនអ្នក និងដែលបានមកពីមុខងារបច្ចុប្បន្នរបស់កូនអ្នក។ វត្ថុបំណងរយៈពេលខ្លី ឬចំណុចគោលដែលនាំទៅរកការសម្រេចបានគោលដៅប្រចាំឆ្នាំ មិនតម្រូវឲ្យមានតទៅទៀតទេ។ ទោះយ៉ាងណាក៏ដោយ វត្ថុបំណងរយៈពេលខ្លី ឬចំណុចគោលនានា គឺមានសារៈប្រយោជន៍សម្រាប់សិស្សគ្រប់រូប ហើយមណ្ឌលសិក្សាធិការ មិនត្រូវបានហាមឃាត់ពីការរួមបញ្ចូលពួកវាទៅក្នុងកម្មវិធី IEP នោះទេ)។
- ការពិភាក្សា និងការពិពណ៌នាអំពីសេវាគាំពារដែលកូនរបស់អ្នក និងបុគ្គលិកបង្រៀនតម្រូវឲ្យមាន (សេវាកម្មពាក់ព័ន្ធ ការបង្រៀននិងសេវាកម្មដែលបានកំណត់ ការគាំទ្រសម្រាប់បុគ្គលិកសាលា)។
- ការពិភាក្សា និងការពិពណ៌នាអំពីការអប់រំពិសេស និងសេវាកម្មពាក់ព័ន្ធ រួមមានការបង្រៀននៅក្នុងកម្មវិធីសិក្សាទូទៅ ជំនួយនិងសេវាកម្មបំពេញបន្ថែម ការកែសម្រួលកម្មវិធី និងសេវាកម្មនិងតម្រូវការផ្ទេរការសិក្សា។ និង
- ការពិភាក្សាអំពីការណែនាំលើការដាក់បញ្ចូលក្នុងការសិក្សា និងសេចក្តីលម្អិតសំខាន់ៗនៃការដាក់បញ្ចូកក្នងការសិក្សានោះ (ឧទាហរណ៍ ចំនួនសិស្សក្នុងថ្នាក់ ការរួមបញ្ចូល និងឱកាសនៃការបញ្ជ្រាប) ដែលបង្កើតបានជាកម្មវិធីអប់សមស្របសម្រាប់កូនអ្នក។ [34 C.F.R. Sec. 300.320; Cal. Ed. Code Sec. 56345.]
រាល់សមាជិកសំខាន់ៗទាំងអស់របស់ក្រុមការងារកម្មវិធី IEP គួរតែមានវត្តមាន និងចូលរួមទៅក្នុងកិច្ចប្រជុំក្រុមការងារនេះ។ សមាជិកក្រុមការងារកម្មវិធី IEP គួរកុំចុះហត្ថលេខាលើកម្មវិធី IEP មុនពេលមានកិច្ចពិភាក្សាពេញលេញទៅលើតម្រូវការអប់រំពិសេសរបស់កូនអ្នក និងសេវាកម្មចាំបាច់នានាដោយក្រុមការងារកម្មវិធី IEP។
ទោះបីជាគ្មាននីតិវិធីតាមផ្លូវច្បាប់សម្រាប់របៀបក្នុងការសម្រេចកិច្ចព្រមព្រៀងនៅក្នុងកិច្ចប្រជុំកម្មវិធី IEP ក៏ពិតមែន ប៉ុន្តែក្រុមការងារកម្មវិធី IEP គួរធ្វើការងារឆ្ពោះទៅរកការឯកភាពគ្នាជារួម។ ទោះយ៉ាងណាក៏ដោយ ប្រសិនបើក្រុមការងារមិនអាចសម្រេចបាននូវការឯកភាពជារួមពាក់ព័ន្ធនឹងសេវាកម្ម និងការដាក់បញ្ចូលក្នុងការអប់រំនោះទេ មណ្ឌលសិក្សាធិការត្រូវមានការទទួលខុសត្រូវចុងក្រោយដើម្បីផ្តល់នូវអ្វីដែលខ្លួនជឿជាក់ថាជាកម្មវិធីដ៏សមស្របមួយ។ ការធ្វើការសម្រេចចិត្តលើកម្មវិធី IEP ដោយផ្អែកលើមតិភាគច្រើន គឺជាការមិនសមស្របនោះទេ។ ប្រសិនបើការឯកភាពជារួម មិនអាចសម្រេចបាន ហើយឪពុកម្តាយមិនឯកភាពជាមួយនឹងសំណើរបស់មណ្ឌលសិក្សាធិការនោះទេ នោះមណ្ឌលសិក្សាធិការ ត្រូវតែផ្តល់ទៅឲ្យឪពុកម្តាយនូវ “ការជូនដំណឹងជាលាយលក្ខណ៍អក្សរជាមុន” អំពីសំណើនោះ ហើយឪពុកម្តាយអាចដាក់ពាក្យប្តឹងសម្រាប់សវនាការលើកិច្ចដំណើរការត្រឹមត្រូវតាមច្បាប់បាន។ [34 C.F.R. Part 300.503; Cal. Ed. Code Sec.56500.4.]