ច្បាប់និងបទប្បញ្ញត្តិសហព័ន្ធ តម្រូវឲ្យគ្រូបង្រៀនផ្នែកអប់រំធម្មតារបស់កូនអ្នក ចូលរួមទៅក្នុងការអភិវឌ្ឍកម្មវិធី IEP ក្នុងនាមជាសមាជិកម្នាក់នៃក្រុមការងារ IEP ប្រសិនបើសមស្រប។ នេះរួមបញ្ចូលនូវការកំណត់ទៅលើអន្តរាគមន៍អាកប្បកិរិយាវិជ្ជមានសមស្របនិងយុទ្ធសាស្ត្រនានា ការកំណត់លើជំនួយនិងសេវាកម្មបំពេញបន្ថែម ការសម្របសម្រួលកម្មវិធី ការគាំទ្រចំពោះបុគ្គលិកសាលា និងការត្រួតពិនិត្យនិងកែសម្រួលឡើងវិញនូវកម្មវិធី IEP។ [34 C.F.R. Secs. 300.324(a)(3) & (b)(3); Cal. Ed. Code Sec. 56341(b)(2).]
គ្រូនៅក្នុងការអប់រំធម្មតា តម្រូវឲ្យចូលរួមក្នុងកិច្ចប្រជុំកម្មវិធី IEP ប្រសិនបើកុមារនោះកំពុងចូលរួម ឬអាចកំពុងចូលរួមនៅក្នុងកម្មវិធីអប់រំទូទៅ។ សមាជិកណាម្នាក់របស់ក្រុមការងារកម្មវិធី IEP មានដូចជាគ្រូនៅក្នុងការអប់រំធម្មតាជាដើម អាចនឹងអវត្តមានពីការចូលរួមនេះ ប្រសិនបើមណ្ឌលសិក្សាធិការ និងឪពុកម្តាយមានការព្រមព្រៀងជាលាយលក្ខណ៍អក្សរ។ សមាជិកអវត្តមាន ត្រូវតែបន្តផ្តល់ការចូលរួមមតិយោបល់ដល់ក្រុមការងារជាលាយលក្ខណ៍អក្សរ នៅមុនកិច្ចប្រជុំ ប្រសិនបើកិច្ចប្រជុំនោះមានជាប់ពាក់ព័ន្ធនឹងផ្នែកនៃសេវាកម្ម ឬកម្មវិធីសិក្សារបស់ពួកគេ។ [34 C.F.R. Sec. 300.321.]
ច្បាប់នេះមិនគូសបញ្ជាក់អំពីរបៀបដែលមណ្ឌលសិក្សាត្រូវធ្វើការសម្រេចចិត្តថាតើគ្រូមួយណាគួរចូលរួមក្នុងកិច្ចប្រជុំ IEP នោះទេ។ ទោះយ៉ាងណាក៏ដោយ គ្រូនៅក្នុងការអប់រំធម្មតា គួរតែជាអ្នកដែលដឹងអំពីសិស្ស ឬអន្តរាគមន៍នៃការបង្រៀន និង/ឬជាអ្នកទទួលខុសត្រូវសម្រាប់ការអនុវត្តចំណែកណាមួយនៃកម្មវិធី IEP។ សម្រាប់កិច្ចប្រជុំ IEP នៅកម្រិតមធ្យមសិក្សា ឬកម្រិតវិទ្យាល័យដែលមានគ្រូផ្នែកអប់រំទូទៅច្រើនអ្នកសម្រាប់សិស្សណាម្នាក់ នោះច្បាប់មិនតម្រូវឲ្យពួកគេទាំងអស់គ្នាចូលរួមទេ។ ប្រសិនបើអ្នកកំពុងស្វែងរកការសម្របសម្រួល ឬសេវាជំនួយនៅក្នុងមុខវិជ្ជាដែលបង្រៀនដោយគ្រូមួយចំនួន នោះអ្នកគួរស្នើសុំជាលាយលក្ខណ៍អក្សរឲ្យពួកគេការចូលរួម។