ច្បាប់សហព័ន្ធនិងរដ្ឋតម្រូវថា ប្រសិនបើសេវាកម្មពាក់ព័ន្ធដូចជាការព្យាបាលពាក្យសម្តី ឬការពិគ្រោះយោបល់ផ្នែកចិត្តសាស្រ្តជាដើម ត្រូវបានណែនាំដោយក្រុមការងារកម្មវិធី IEP នោះកម្មវិធី IEP ត្រូវរួមបញ្ចូលនូវភាពញឹកញាប់ រយៈពេល និងទីតាំងនៃសេវាកម្មពាក់ព័ន្ធទាំងនោះ។ សេវាកម្ម និងកម្មវិធីនានានៅក្នុងឯកសារ IEP គួរត្រូវបានពិពណ៌នាក្នុងរបៀបមួយដែលមានភាពច្បាស់លាស់សម្រាប់អ្នកគ្រប់គ្នាដែលចូលរួមក្នុងការអភិវឌ្ឍ និងការអនុវត្តកម្មវិធី IEP រួមទាំងឪពុកម្តាយផងដែរជាពិសេស។
កម្មវិធី IEP គួរតែសរសេរជាលាយលក្ខណ៍អក្សរយ៉ាងជាក់លាក់តាមដែលអាចធ្វើបាន។ ប្រសិនបើសេវាកម្មមិនត្រូវបានសរសេរជាលាយលក្ខណ៍អក្សរនៅក្នុងកម្មវិធី IEP នោះទេ ដូច្នេះវាមិនមែនជាសេវាកម្មចាំបាច់ណាមួយនោះទេ។ អ្នកក៏គួរតែរួមបញ្ចូលផងដែរថាសេវាកម្មនេះនឹងត្រូវផ្តល់ជូនជាលក្ខណៈបុគ្គល ឬជាក្រុម។ អ្នកថែមទាំងអាចពិពណ៌នាផងដែរថាតើមានសិស្សប៉ុន្មាននាក់ ដែលគួរត្រូវបានរួមបញ្ចូលនៅក្នុងការងារនេះ។ ឧទាហរណ៍ ប្រសិនបើសិស្សម្នាក់ត្រូវទទួលបានសេវាកម្មផ្នែកពាក្យសម្តី និងភាសា នោះកម្មវិធី IEP គួររួមបញ្ចូលនូវសេចក្តីបញ្ជាក់ដូចជា “សិស្សនឹងទទួលបានសេវាកម្មផ្នែកពាក្យសម្តីនិងភាសាជាក្រុមមួយដែលមានសិស្សមិនលើសពី 3 នាក់ [ឬជាលក្ខណៈបុគ្គល]” 3 ដងក្នុងមួយសប្តាហ៍ (ភាពញឹកញាប់) 30 នាទី (រយៈពេល) នៅក្នុងថ្នាក់ព្យាបាលពាក្យសម្តី [ឬនៅក្នុងថ្នាក់អប់រំពិសេស ឬថ្នាក់អប់រំទូទៅ] (ទីតាំង)”។
ការប្រើប្រាស់ឧទាហរណ៍ផ្នែកពាក្យសម្តី និងភាសាតែមួយដូចខាងលើ ប្រសិនបើមណ្ឌលសិក្សាធិការរបស់អ្នករួមបញ្ចូលនូវសេចក្តីបញ្ជាក់ “90 នាទីប្រចាំសប្តាហ៍” នៅពេលរៀបរាប់អំពីសេវាកម្មផ្នែកពាក្យសម្តីនិងភាសា ពេលនោះវាមិនបានបំពេញតាមលក្ខណៈតម្រូវស្តីពីភាពញឹកញាប់/រយៈពេលនោះទេ។ គ្មានភាពញឹកញាប់ គ្មានរយៈពេល និងគ្មានទីតាំងណាមួយ ត្រូវបានចែងបញ្ជាក់នៅក្នុងកម្មវិធី IEP នោះទេ។ ប្រសិនបើការរៀបរាប់បន្តិចបន្តួចនេះត្រូវបានស្នើឡើងដោយមណ្ឌលសិក្សាធិការ នោះអ្នកគួរស្នើសុំឲ្យមណ្ឌលសិក្សាធិការរួមបញ្ចូលនូវភាពញឹកញាប់/រយៈពេល/ទីតាំង ដូចដែលបានកំណត់ដោយច្បាប់។ ប្រសិនបើមណ្ឌលសិក្សាធិការបដិសេធ អ្នកអាចដាក់ពាក្យបណ្តឹងសម្រាប់ការអនុវត្តតាមច្បាប់ ទៅកាន់នាយកដ្ឋានអប់រំរដ្ឋកាលីហ្វ័រញ៉ា (California Department of Education, CDE)។ មើលជំពូក 6 ព័ត៌មានស្តីពីនីតិវិធីនៃកិច្ចដំណើរការត្រឹមត្រូវ/ការអនុវត្តតាមច្បាប់។