គោលដៅ និងចំណុចគោលប្រចាំឆ្នាំដែលអាចវាស់ស្ទង់បាន (ឬវត្ថុបំណងបង្រៀនរយៈពេលខ្លី) អនុញ្ញាតឲ្យអ្នកតាមដាននូវវឌ្ឍនភាពរបស់កូនអ្នកនៅសាលារៀន និងជួយអ្នកឲ្យកំណត់ថាតើកម្មវិធីអប់រំនោះមានភាពសមស្របដើម្បីបំពេញតាមតម្រូវការអប់រំពិសេសរបស់គាត់ដែរឬទេ។ គោលដៅ និងចំណុចគោល/វត្ថុបំណង ក៏មានសារៈសំខាន់ផងដែរ ដោយសារតែពួកវាជួយបង្កើត និងតម្រង់ទិសផែនការបង្រៀនជាក់លាក់របស់កូនអ្នក។ ផែនការ IEP មិនត្រូវបានបង្កើតឲ្យទៅជាផែនការបង្រៀនលម្អិតមួយនោះទេ ប៉ុន្តែផែនការបង្រៀនរបស់គ្រូ គួរតែពាក់ព័ន្ធដោយផ្ទាល់ទៅនឹងគោលដៅ និងចំណុចគោល/វត្ថបំណងនៃកម្មវិធី IEP។
គោលដៅ និងចំណុចគោល/វត្ថុបំណងនេះ ជួយកំណត់ថាតើកម្មវិធីអប់រំពិសេស និងសេវាកម្មពាក់ព័ន្ធប្រភេទណាខ្លះដែលមណ្ឌលសិក្សាធិការត្រូវផ្តល់ឲ្យ។ មណ្ឌលសិក្សាធិការ ត្រូវតែផ្តល់កម្មវិធី និងសេវាកម្មដែលចាំបាច់ក្នុងការបំពេញតាមគោលដៅ និងវត្ថុបំណងនៅក្នុងកម្មវិធី IEP របស់កូនអ្នក។ ប្រសិនបើអ្នកស្នើសុំកម្មវិធី ឬសេវាកម្មអប់រំពិសេសប្រភេទណាមួយ នោះមណ្ឌលសិក្សាធិការ មិនតម្រូវឲ្យផ្តល់ពួកវាជូនឡើយ លើកលែងតែវាមានភាពចាំបាច់ដើម្បីបំពេញតាមគោលដៅ ឬចំណុចគោល/វត្ថុបំណងកម្មវិធី IEP ។ ម្យ៉ាងទៀត ការកំណត់ថាតើកូនរបស់អ្នកកំពុងបំពេញតាមគោលដៅ និងចំណុចគោល/វត្ថុបំណងនៃកម្មវិធី IEP ដែរឬអត់នោះ គឺមានសារៈសំខាន់បំផុតដើម្បីអភិវឌ្ឍកម្មវិធីអប់រំដ៏សមស្របមួយ។ ហេតុដូច្នេះ កម្មវិធី IEP ត្រូវតែរួមបញ្ចូលនូវការពិពណ៌សម្រាប់គោលដៅនីមួយៗថាតើវឌ្ឍនភាពរបស់កូនអ្នក នឹងត្រូវបានវាស់ស្ទង់ដូចម្តេច ហើយថាតើរបាយការណ៍វឌ្ឍភាពតាមដំណាក់កាល នឹងត្រូវផ្តល់ជូននៅពេលណា។ [Cal. Ed. Code Sec. 56345(a)(3).] ភាពសមស្របនៃកម្មវិធីរបស់កូនអ្នក ត្រូវបានវាស់ស្ទង់តាមរយៈចំណុចដែលថាតើគាត់កំពុងមានការវឌ្ឈនភាពឆ្ពោះទៅរកគោលដៅចម្បងនៃកម្មវិធី IEP ដែរឬអត់។ [County of San Diego v. Special Education Hearing Office, 93 F.3d 1458, 1461 (9th Cir. 1996).] ហេតុដូច្នេះ ក្រុមការងារកម្មវិធី IEP ត្រូវតែអភិវឌ្ឍគោលដៅកម្មវិធីដែលមានភាពលំបាកសម្រេចបាន នៅក្នុងស្ថានភាពរបស់កូនអ្នក។