ក្រុមការងារនេះ ត្រូវរួមបញ្ចូលនូវបុគ្គលមួយចំនួនដូចខាងក្រោម៖
- ឪពុកឬម្តាយ ឬទាំងឪពុកនិងម្តាយរបស់កុមារ អ្នកតំណាងដែលបានជ្រើសរើសដោយឪពុកឬម្តាយ ឬទាំងពីរនាក់។
- គ្រូផ្នែកអប់រំទូទៅយ៉ាងតិចម្នាក់ ប្រសិនបើកុមារស្ថិតនៅក្នុង ឬអាចស្ថិតនៅក្នុងមជ្ឈដ្ឋានអប់រំទូទៅណាមួយ។ ប្រសិនបើកុមារមានគ្រូផ្នែកអប់រំទូទៅលើសពីម្នាក់ សាលារៀនអាចជ្រើសរើសគ្រូណាម្នាក់មកចូលរួម។
- យ៉ាងហោចណាស់គ្រូផ្នែកអប់រំពិសេស ឬអ្នកផ្តល់សេវាកម្មម្នាក់។
- អ្នកតំណាងមណ្ឌលសិក្សាធិការម្នាក់ដែល៖ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការផ្តល់ ឬគ្រប់គ្រងលើការផ្តល់ការបង្រៀនពិសេស មានចំណេះដឹងលើកម្មវិធីសិក្សាទូទៅ និងមានចំណេះដឹងអំពីធនធានរបស់មណ្ឌលសិក្សាធិការ។ សមាជិកមណ្ឌលសិក្សាធិការផ្សេងទៀតដែលមានស្រាប់នៅក្នុងក្រុមការងារកម្មវិធី IEP អាចបំពេញតួនាទីនេះបាន។
- បុគ្គលដែលបានចុះធ្វើការវាយតម្លៃលើសិស្ស ឬនរណាម្នាក់ដែលមានចំណេះដឹងអំពីនីតិវិធីដែលបានប្រើប្រាស់ និងលទ្ធផល និងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការបកស្រាយពន្យល់ពីការអនុវត្តលទ្ធផលនៃការបង្រៀននេះ។ សមាជិកក្រុមការងារកម្មវិធី IEP អាចនឹងបំពេញតួនាទីនេះ។
- អ្នកផ្សេងទៀតដែលមានជំនាញ និងចំណេះដឹងជាក់លាក់ទៅលើសិស្ស ទៅតាមការស្នើសុំរបស់ឪពុកម្តាយ ឬមណ្ឌលសិក្សាធិការ។ ភាគីដែលបានអញ្ជើញនរណាម្នាក់មកកាន់កិច្ចប្រជុំ ត្រូវសម្រេចចិត្តថាតើអ្នកដែលទទួលបានការបញ្ជើញបន្ថែមនោះ មានចំណេះដឹង និងជំនាញគ្រប់គ្រាន់ដែរឬអត់។
- សិស្ស ប្រសិនបើសមស្រប។ [Cal. Ed. Code Secs. 56341(b) & (e).]
សម្រាប់សិស្សដែលមានពិការភាព យ៉ាងហោចណាស់សមាជិកម្នាក់នៃក្រុមការងារនេះ ត្រូវតែមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីធ្វើការវាយតម្លៃទៅលើសិស្សដែលមានពិការភាពផ្នែកសិក្សា។ នេះអាចរួមបញ្ចូលនូវអ្នកចិត្តសាស្ត្រប្រចាំសាលា អ្នកជំនាញព្យាបាលផ្នែកពាក្យសម្តី-ភាសា ឬគ្រូបង្រៀនអំណានបំប៉នបន្ថែម។ យ៉ាងហោចណាស់សមាជិកម្នាក់របស់ក្រុមការងារ ក្រៅពីគ្រូរបស់កុមារ ត្រូវតែសង្កេតមើលសកម្មភាពសិក្សារបស់កុមារនៅក្នុងថ្នាក់អប់រំទូទៅ លើកលែងតែកុមារមានអាយុចូលរៀនថ្នាក់មត្តេយ្យ។ ក្នុងករណីនេះ សមាជិកក្រុមការងារ ត្រូវតែបានសង្កេតកុមារនោះនៅក្នុងមជ្ឈដ្ឋានសមស្របតាមវ័យរបស់កុមារនោះ។ [Cal. Ed. Code Sec. 56341(c).]
ប្រសិនបើសិស្សនោះមានវ័យផ្ទេរការសិក្សា (ពោលគឺ ចាប់ផ្តើមមានអាយុយ៉ាងតិច 16 ឆ្នាំ ឬតិចជាងនេះ ប្រសិនបើសមស្រប) នោះសាលារៀនត្រូវតែអញ្ជើញសិស្សនោះឲ្យចូលរួមនៅក្នុងកិច្ចប្រជុំកម្មវិធីសម្រាប់ការផ្ទេរការសិក្សានោះ។ ប្រសិនបើកុមារនោះមិនចូលរួមទេ មណ្ឌលសិក្សាធិការត្រូវតែចាត់វិធានការដើម្បីធានាថាខ្លួននឹងទទួលបានការចូលរួមមតិរបស់សិស្សពាក់ព័ន្ធនឹងចំណង់ចំណូលចិត្ត និងចំណាប់អារម្មណ៍របស់គាត់។ សាលារៀន ក៏ត្រូវអញ្ជើញអ្នកតំណាងរបស់ទីភ្នាក់ងារណាមួយដែលអាចផ្តល់សេវា ឬទូទាត់សេវាផ្ទេរការសិក្សាណាមួយ។ [Cal. Ed. Code Sec. 56341(d).]
សិស្សម្នាក់ដែលបានដាក់បញ្ចូលរួចហើយដោយមណ្ឌលសិក្សាធិការទៅក្នុងសាលារៀនមិនមែនសាធារណៈ (មិនមែនសាលាសាសនា) (NPS) អាចចូលរួមកិច្ចប្រជុំកម្មវិធី IEP ជាមួយតែបុគ្គលិកដែលមានវត្តមានពីសាលា NPS តែប៉ុណ្ណោះ ប្រសិនបើមណ្ឌលសិក្សាធិការជ្រើសរើសមិនបញ្ជូននរណាម្នាក់មកកាន់កិច្ចប្រជុំ និងប្រគល់កិច្ចការការត្រួតពិនិត្យ និងការកែតម្រូវលើកម្មវិធី IEP ទៅដល់បុគ្គលិកសាលារៀនមិនមែនសាធារណៈ។ ប៉ុន្តែ ទោះបីជាសាលា NPS ធ្វើការត្រួតពិនិត្យ កែសម្រួល និងអនុវត្តកម្មវិធី IEP យ៉ាងណាក៏ដោយ ក៏មណ្ឌលសិក្សាធិការត្រូវបន្តទទួលខុសត្រូវចំពោះការអនុវត្តតាមច្បាប់អប់រំពាក់ព័ន្ធនឹងកម្មវិធីរបស់សិស្សនោះដែរ។ [34 C.F.R. Sec. 300.325; Cal. Ed. Code Sec. 56383.]