បាទ/ចាស តុលាការកំពូលសហរដ្ឋអាមេរិក (U.S. Supreme Court) បានបញ្ជាក់ថាកម្មវិធីអប់រំរបស់កុមារ ត្រូវតែមានភាពលំបាកសមស្របពាក់ព័ន្ធនឹងស្ថានភាពរបស់កុមារ ហើយកុមារគួរមានឱកាសដើម្បីបំពេញតាមវត្ថុបំណងដ៏លំបាកនោះ។ [Endrew F. v. Douglas County School District, 137 S. Ct. 988, (U.S. 2017)]. បន្ទាប់ពីសេចក្តីសម្រេចនៅក្នុងករណីរបស់ Endrew F ក្រសួងអប់រំសហរដ្ឋអាមេរិក (U.S. Department of Education) បានចេញសេចក្តីណែនាំដោយគូសបញ្ជាក់អំពីការទទួលខុសត្រូវរបស់មណ្ឌលសិក្សាធិការក្នុងការកែលម្អលទ្ធផលទទួលបានរបស់សិស្ស គ្រប់គ្រងវឌ្ឍនភាព និងបណ្តុះបណ្តាលអ្នករដ្ឋបាល និងគ្រូបង្រៀនអំពីរបៀបសរសេរផែនការ IEP ឲ្យបានសមស្រប ដែលបំពេញតាមសេចក្តីណែនាំរបស់តុលាការកំពូល។ [សំណួរ និងចម្លើយ 71 IDELR 68, (Edu. 2017).] ដោយសារតែសេចក្តីសម្រេចនៅក្នុងករណីរបស់ Endrew F ដូច្នេះអ្នកអាចសាកសួរអំពីភាពមិនរីកចម្រើនទៅមុខនៅក្នុងកម្មវិធី IEP របស់កូនអ្នក និងទទូចសុំថាកម្មវិធី IEP ត្រូវមានគោលដៅលំបាក និងទាមទារឲ្យមានការខិតខំប្រឹងប្រែងខ្ពស់ពាក់ព័ន្ធនឹងស្ថានភាពរបស់កូនអ្នក។
លើសពីនេះទៀត ប្រធានគ្រប់គ្រងផ្នែកបង្រៀនសាធារណៈរបស់រដ្ឋ និងក្រុមប្រឹក្សាអប់រំរបស់រដ្ឋ ត្រូវតែអនុម័តគោលដៅសកម្មភាពសិក្សា និងសូចនាករសម្រាប់សិស្សនៅក្នុងការអប់រំពិសេសដែលមានភាពស៊ីចង្វាក់គ្នា ក្នុងកម្រិតមួយសមស្របជាមួយនឹងស្តង់ដានានាសម្រាប់សិស្សទាំងអស់នៅក្នុងសាលារៀនសាធារណៈ។ [34 C.F.R. Sec. 300.157; Cal. Ed. Code Sec. 56138.] សមាគមអ្នកជំនាញឯកទេសធនធាន និងគ្រូបង្រៀនផ្នែកអប់រំពិសេសរបស់រដ្ឋកាលីហ្វ័រញ៉ា (California Association of Resource Specialists and Special Education Teachers, CARS+) បានបោះពុម្ភផ្សាយគោលដៅនិងវត្ថុបំណងពាក់ព័ន្ធនឹងខ្លឹមសារសំខាន់ៗសម្រាប់រដ្ឋកាលីហ្វ័រញ៉ា ដែលមានចែងអំពីស្តង់ដាសិក្សា និងគោលដៅគំរូពាក់ព័ន្ធ។
គោលដៅកម្មវិធី IEP ត្រូវតែអាចវាស់ស្ទង់បាន។ [20 U.S.C. Sec. 1414(d)(1)(A)(i)(II).] ហេតុដូច្នេះ ឪពុកម្តាយគួរកុំយល់ព្រមទៅនឹងគោលដៅដូចជា៖ “Miriam នឹងមានភាពលម្អប្រសើឡើងលើមុខវិជ្ជាគណិតវិទ្យា”។ ផ្នែក “កម្រិតបច្ចុប្បន្ននៃសកម្មភាពអប់រំ” នៃកម្មវិធី IEP គួរចែងឲ្យច្បាស់ថាតើកម្រិតមួយណាដែល Miriam និងត្រូវអនុវត្តសកម្មភាពសិក្សាលើមុខវិជ្ជាគណិតវិទ្យា។ គោលដៅគណិតវិទ្យាកម្មវិធី IEP របស់គាត់ គួរចែងឲ្យច្បាស់ថាតើក្រុមការងាររំពឹងថាគាត់នឹងមានភាពល្អប្រសើឡើងខ្លាំងកម្រិតណាពីកម្រិត[បច្ចុប្បន្ន]នេះ។