កម្មវិធី IEP សម្រាប់សិស្សនីមួយៗ ត្រូវមាន៖
- កម្រិតបច្ចុប្បន្ននៃការអនុវត្តសកម្មភាពអប់រំ រួមមានលក្ខណៈដែលពិការភាពរបស់សិស្សប៉ះពាល់ដល់ការចូលរួម និងវឌ្ឍនភាពរបស់គាត់នៅក្នុងកម្មវិធីសិក្សាទូទៅ (សម្រាប់សិស្សថ្នាក់មត្តេយ្យ កម្រិតបច្ចុប្បន្ន ត្រូវតែរួមបញ្ចូលនូវលក្ខណៈដែលពិការភាពនោះប៉ះពាល់ដល់ការចូលរួមរបស់កុមារនៅក្នុងសកម្មភាពសមស្របនានា)។
- របាយការណ៍ស្តីពីគោលដៅប្រចាំឆ្នាំដែលអាចវាស់ស្ទង់បានពាក់ព័ន្ធនឹង៖
- ការបំពេញតម្រូវការអប់រំរបស់សិស្សនីមួយៗដែលបណ្តាលមកពីពិការភាព និង
- ការបំពេញតម្រូវការរបស់សិស្សដែលបណ្តាលមកពីពិការភាពរបស់គាត់ ដើម្បីជំរុញឲ្យគាត់មានការចូលរួម និងមានការលូតលាស់នៅក្នុងកម្មវិធីសិក្សាទូទៅ។
សម្រាប់សិស្សដែលធ្វើការវាយតម្លៃជំនួសស្របតាមស្តង់ដាលទ្ធផលសិក្សាជំនួស ការពិពណ៌នាអំពីចំណុចគោលដែលអាចវាស់ស្ទង់បាន ឬវត្ថុបំណងរយៈពេលខ្លី ត្រូវរួមបញ្ចូលផងដែរនូវ៖
- ការពិពណ៌នាអំពីរបៀបដែលវឌ្ឍនភាពរបស់សិស្សឆ្ពោះទៅរកការបំពេញគោលដៅប្រចំាឆ្នាំ នឹងត្រូវបានវាស់ស្ទង់ និងអំពីពេលវេលាដែលរបាយការណ៍វឌ្ឍភាពតាមដំណាក់កាល នឹងត្រូវបានផ្តល់ជូន (ដូចជាប្រចាំត្រីមាស ឬនៅពេលដែលតារាងរបាយការណ៍ត្រូវបានផ្តល់ជូនក្នុងពេលដំណាលគ្នានោះ)។
- របាយការណ៍ស្តីពីការអប់រំពិសេស និងសេវាកម្មពាក់ព័ន្ធ (ឧទាហរណ៍ ការអប់រំកាយ ការអប់រំវិជ្ជាជីវៈ ឆ្នាំសិក្សាបន្ថែម ការបង្រៀននៅក្នុងផ្នែកសិក្សា និងផ្នែកឥន្ទ្រីយារម្មណ៍ លក្ខណៈសម្បត្តិរបស់គ្រូបង្រៀន ចំនួនសិស្សក្នុងថ្នាក់) និងជំនួយ និងសេវាកម្មបំពេញបន្ថែម។ (សម្ភារៈឧបទេសបង្រៀន ឧករណ៍កត់ត្រា ការប្រើប្រាស់បន្ទប់ធនធានពេលវេលាបន្ថែមពេលធ្វើតេស្ត ។ល។) ដែលត្រូវផ្តល់ជូន។ ការអប់រំពិសេស និងសេវាកម្មនានា ត្រូវផ្អែកលើការសិក្សាដែលបានត្រួតពិនិត្យដោយក្រុមអ្នកស្រាវជ្រាវក្នុងកម្រិតមួយដែលអាចអនុវត្តបាន។ កម្មវិធី IEP ក៏ត្រូវតែមានផងដែរនូវការរបាយការណ៍ស្តីពីការកែប្រែកម្មវិធី ឬការគាំទ្រសម្រាប់បុគ្គលិកសាលា ដែលនឹងត្រូវផ្តល់ជូនដើម្បីអនុញ្ញាតឲ្យសិស្ស៖ (i) រីកចម្រើនយ៉ាងសមស្របឆ្ពោះទៅរកការសម្រេចគោលដៅប្រចំាឆ្នាំ។ (ii) ចូលរួម និងរីកចម្រើននៅក្នុងកម្មវិធីសិក្សាទូទៅ និងចូលរួមទៅក្នុងកម្មវិធីសិក្សាបន្ថែម និងសកម្មភាពក្រៅការសិក្សាផ្សេងទៀត និង (iii) ទទួលបានការអប់រំ និងចូលរួមជាមួយសិស្សផ្សេងទៀតដែលមានពិការភាព និងសិស្សដែលគ្មានពិការភាព (ឧទាហរណ៍ ការកែសម្រួលចំពោះកម្មវិធីសិក្សាតាមថ្នាក់រៀនធម្មតា ការប្រើប្រាស់ឧបករណ៍ជំនួយដោយកុំព្យូទ័រ ការបណ្តុះបណ្តាលការអប់រំពិសេសសម្រាប់គ្រូបង្រៀនធម្មតា។ល។)
- ការពន្យល់បន្ថែម (ប្រសិនបើមាន) ក្នុងកម្រិតមួយដែលសិស្សនោះនឹងមិនចូលរួមជាមួយសិស្សដែលគ្មានពិការភាពក្នុងថ្នាក់អប់រំធម្មតា ឬក្នុងកម្មវិធីសិក្សាបន្ថែម ឬសកម្មភាពក្រៅការសិក្សាផ្សេងទៀត។
- កាលបរិច្ឆេទដែលបានព្យាករណ៍ទុកសម្រាប់ពេលដែលសេវាកម្ម និងការកែសម្រួលនានា នឹងត្រូវច្បាប់ផ្តើម និងថេរវេលា ភាពញឹកញាប់ និងទីតាំង (ឧទាហរណ៍ ការព្យាបាលមុខងារវិជ្ជាជីវៈពីរដងក្នុងមួយសប្តាហ៍ ក្នុងម៉ោងសិក្សាដែលមានរយៈពេល 45 នាទី នៅក្នុងបន្ទប់នៅក្រៅថ្នាក់រៀន)។
- របាយការណ៍នៃការកែប្រែលក្ខណៈបុគ្គលណាមួយ ឬការកែសម្រួលនៅក្នុងការគ្រប់គ្រងការវាយតម្លៃទូទាំងរដ្ឋ ឬទូទាំងមណ្ឌលសិក្សាធិការ ទៅលើលទ្ធផលសិក្សារបស់សិស្ស ដែលត្រូវការជាចាំបាច់ដើម្បីឲ្យសិស្សចូលរួមនៅក្នុងការវាយតម្លៃ រួមទាំងមូលហេតុដែលគាត់មិនអាចចូលរួមបានក្នុងការវាយតម្លៃធម្មតា និងមូលហេតុដែលការវាយតម្លៃជំនួសដែលបានជ្រើសរើសនេះ មានភាពសមស្រប។
- ការពិពណ៌នាអំពីប្រភេទនៃការដាក់បញ្ចូលក្នុងការសិក្សាដែលចាំបាច់ដើម្បីអនុវត្តកម្មវិធី IEP នៅក្នុងមជ្ឈដ្ឋានរឹតបន្តឹងតិចតួចដោយមានជំនួយ និងការសម្របសម្រួលផ្សេងទៀត ប្រសិនបើចាំបាច់ (មណ្ឌលសិក្សាធិការត្រូវតែធានាថា “ការដាក់បញ្ចូលក្នុងការសិក្សាជំនួសតាមលំដាប់លំដោយ” មានផ្តល់ជូន រួមទាំងការបង្រៀននៅក្នុងថ្នាក់ធម្មតា ថ្នាក់រៀនពិសេស សាលារៀនមិនមែនសាធារណៈ សាលារៀនពិសេសរបស់រដ្ឋ ទីកន្លែងស្នាក់នៅថែទាំ ការបង្រៀនតាមផ្ទះ និងការបង្រៀននៅក្នុងមន្ទីរពេទ្យនិងស្ថាប័ននានា)។
- ការពិពណ៌នាអំពីសកម្មភាពដែលចាំបាច់ត្រូវរួមបញ្ចូលសិស្សទៅក្នុងថ្នាក់អប់រំធម្មតា ប្រសិនបើសិស្សកំពុងផ្ទេរពីថ្នាក់រៀនពិសេស ឬមជ្ឈមណ្ឌល ឬសាលារៀនមិនមែនសាធារណៈ សម្រាប់ផ្នែកណាមួយនៃថ្ងៃសិក្សានៅសាលា និងការគាំទ្រចាំបាច់សម្រាប់ការផ្ទេរការសិក្សានោះ។ ការពិពណ៌នានេះ ត្រូវបង្ហាញនូវលក្ខណៈសកម្មភាព និងពេលវេលាចំណាយទៅលើសកម្មភាពនោះរៀងរាល់ថ្ងៃ ឬរៀងរាល់សប្តាហ៍។
- នៅក្នុងកម្មវិធី IEP ដំបូង បន្ទាប់ពីសិស្សមានអាយុ 16 ឆ្នាំ (បើមិនបានមុននេះទេ) កម្មវិធី IEP ត្រូវតែបញ្ជាក់អំពីគោលដៅសមស្របដែលអាចវាស់ស្ទង់បានសម្រាប់ជីវិតរស់នៅរបស់សិស្ស ក្រោយការសិក្សានៅវិទ្យាល័យ។ គោលដៅទាំងនេះ (ធ្វើបច្ចុប្បន្នភាពប្រចាំឆ្នាំ) គួរតែផ្អែកលើការវាយតម្លៃសមស្របតាមអាយុ ពាក់ព័ន្ធនឹងការបណ្តុះបណ្តាល ការអប់រំ និងបំណិនជីវិតឯករាជ្យ (ប្រសិនបើសមស្រប) និងសេវាផ្ទេរការសិក្សាដែលចាំបាច់សម្រាប់ជួយសិស្សក្នុងការសម្រេចបានគោលដៅទាំងនោះ។
- សេវាកម្មឆ្នាំសិក្សាបន្ថែម ប្រសិនបើត្រូវការចាំបាច់ និង
- មួយឆ្នាំមុនពេលសិស្សមានអាយុ 18 ឆ្នាំ ត្រូវរួមបញ្ចូលនូវរបាយការណ៍ដែលបញ្ជាក់ថាសិស្សបានទទួលដំណឹងអំពីសិទ្ធិអប់រំពិសេសដែលត្រូវផ្ទេរជូនសិស្សនៅអាយុ 18 ឆ្នាំ។ [20 U.S.C. Sec. 1414(d); 34 C.F.R. Secs. 300.116 & 300.320; 5 C.C.R. Sec. 3042(b); Cal. Ed. Code Sec. 56345.]
សំខាន់បំផុតត្រូវយល់ថាសមាសធាតុសំខាន់ៗនៃកម្មវិធី IEP ត្រូវតែមានទំនាក់ទំនងគ្នាទៅវិញទៅមក។ ច្បាប់រដ្ឋ តម្រូវឲ្យកម្មវិធី IEP បង្ហាញពីទំនាក់ទំនងរវាងកម្រិតនៃសកម្មភាពសិក្សាបច្ចុប្បន្ន គោលដៅនិងវត្ថុបំណង និងសេវាអប់រំជាក់លាក់ដែលត្រូវផ្តល់ជូន។ [5 C.C.R. Sec. 3040(b).] ម្យ៉ាងវិញទៀត គោលដៅប្រចាំឆ្នាំ គួរតែធ្វើឡើងជាលាយលក្ខណ៍អក្សរអាស្រ័យថាតើសិស្សនោះកំពុងអនុវត្តសកម្មភាពសិក្សានៅក្នុងថ្នាក់រៀននាពេលបច្ចុប្បន្ននេះយ៉ាងដូចម្តេច ហើយសេវាអប់រំត្រូវតែមានភាពគ្រប់គ្រាន់សម្រាប់សិស្សក្នុងការរីកចម្រើនឆ្ពោះទៅរកការបំពេញតាមគោលដៅប្រចាំឆ្នាំនោះ។