បាទ/ចាស មណ្ឌលសិក្សាធិការអាចប្រើប្រាស់កម្មវិធី IEP ពង្រាង ឬកម្មវិធី IEP បង្កើតឡើងដោយកុំព្យូទ័របាន។ ប៉ុន្តែ ច្បាប់មិនអនុញ្ញាតឲ្យមណ្ឌលសិក្សាធិការបង្ហាញកម្មវិធី IEP ដែលបានសរសេរគ្រោងបញ្ចប់ សម្រាប់ការអនុម័ត ដោយមិនមានការពិភាក្សាពេញលេញអំពីតម្រូវការកូនរបស់អ្នកនោះទេ។ នេះអាចនឹងរំលោភបំពានលើសិទ្ធិរបស់អ្នក ក្នុងការចូលរួមទៅក្នុងកិច្ចដំណើរការកម្មវិធី IEP។ [34 C.F.R. Sec. 300.322.] ជួនកាល ដើម្បីសន្សំសំចៃពេលវេលា បុគ្គលិកសាលារៀន ត្រូវត្រៀមរៀបចំគោលដៅដែលបានស្នើឡើង ឬជួបជាមួយឪពុកម្តាយនៅមុនកិច្ចប្រជុំកម្មវិធី IEP។ នេះត្រូវបានអនុញ្ញាតតែពេលណាដែលវាមិនរារាំងសមាជិកក្រុមការងារ (ជាពិសេសឪពុកម្តាយ) ពីការផ្តល់មិតយោបល់ចូលរួមប៉ុណ្ណោះ។ កម្មវិធី IEP ពង្រាង អាចមានអត្ថប្រយោជន៍ មិនថាបានរៀបចំដោយអ្នក ឬដោយមណ្ឌលសិក្សាធិការទេ ដរាបណាវាត្រូវបានយកមកពិភាក្សា និងកែសម្រួលតាមការចង់បាន នៅក្នុងកិច្ចប្រជុំ។
ដូចគ្នាទៅនឹងកម្មវិធី IEP សរសេរដោយដៃដែរ កម្មវិធី IEP ដែលបង្កើតឡើងដោយប្រព័ន្ធកុំព្យូទ័រ មិនអាចបញ្ចប់ឲ្យហើយជាមុនបានទេ ហើយត្រូវតែសម្របតាមបុគ្គល ឬកែសម្រួលនៅក្នងកិច្ចប្រជុំកម្មវិធី IEP ដើម្បីដោះស្រាយជាក់លាក់រាល់បញ្ហាតម្រូវការទាំងអស់របស់កូនអ្នក។ សូមប្រាកដថាគោលដៅ វត្ថុបំណង និងភាសាផ្សេងទៀតដែលរក្សាទុកនៅក្នុងកុំព្យូទ័រនោះ ឬពាក្យនៅក្នុងតារាងមែនុយ (pull-down menu) ទាំងនោះមិនមែនជាផ្នែកមួយនៃកម្មវិធី IEP ដែលបានបង្កើតឡើងដោយស្វ័យប្រវត្តិនោះទេ។ ភាសា ឬការពិពណ៌នាដែលប្រើប្រាស់នៅក្នុងកម្មវិធី IEP គួរផ្តោតជាក់លាក់ទៅលើតម្រូវការ និងសេវាកម្មបុគ្គលរបស់កូនអ្នក។
ដូចគ្នានេះដែរ មណ្ឌលសិក្សាធិការ អាចនឹងមិនបដិសេធការរួមបញ្ចូលគោលដៅដែលបានស្នើសុំ សេវាកម្ម ឬការពិពណ៌នាអំពីសេវាកម្មនៅក្នុងកម្មវិធី IEP សម្រាប់មូលហេតុដូចជា៖ (1) វាមិនបង្ហាញនៅក្នុងតារាងមែនុយ (pull-down menu) (2) មិនមាន “ហ្វៀល (field)” សមស្របនៅក្នុងទម្រង់តាមប្រព័ន្ធកុំព្យូទ័រ ឬ (3) មិនមានចន្លោះគ្រប់គ្រាន់នៅលើទម្រង់នោះ។ សេចក្តីបន្ថែមសរសេរដោយដៃ ឬតាមប្រព័ន្ធកុំព្យូទ័រ អាចដាក់បន្ថែមទៅក្នុងកម្មវិធី IEP ជានិច្ច។ ការបដិសេធរបស់មណ្ឌលសិក្សាធិការក្នុងការអនុញ្ញាតឲ្យមានការចូលរួមមតិយោបល់របស់អ្នក គឺបំផ្លាញសិទ្ធិរបស់អ្នកក្នុងការចូលរួមក្នុងកិច្ចប្រជុំកម្មវិធី IEP។