ទេ។ ប្រសិនបើអ្នកជ្រើសរើសចុះឈ្មោះកូនអ្នកឲ្យចូលរៀននៅក្នុងសាលាឯកជន ឬសាលានៅតាមវិហាសាសនាដោយខ្លួនឯង ច្បាប់សហព័ន្ធ ផ្តល់ឲ្យសិស្សដែលមានពិការភាព និងឪពុកម្តាយរបស់ពួកគេត្រឹមតែសិទ្ធិតិចតួចប៉ុណ្ណោះ ក្នុងការទទួលបានសេវាកម្មអប់រំពិសេសនៅក្នុងស្ថានភាពទាំងនេះ។ សិស្សមានពិការភាពម្នាក់ដែល “បានដាក់បញ្ចូលដោយឪពុកម្តាយ” ទៅក្នុងសាលាឯកជន រួមទាំងសាលាសាសនាផងដែរ (ពោលគឺបានចុះឈ្មោះដោយការស្ម័គ្រចិត្ត និង “ជាឯកតោភាគី” ដោយគ្មានការយល់ព្រមរបស់ក្រុមការងារ IEP) គឺគ្មានសិទ្ធិទទួលបានការអប់រំពិសេស ឬសេវាកម្មពាក់ព័ន្ធមួយចំនួន ឬទាំងអស់ដែលគាត់អាចទទួលបាន ក្នុងករណីគាត់ចុះឈ្មោះចូលរៀននៅសាលារៀនសាធារណៈទេ។ [20 U.S.C. Secs. 1412(a)(10)(B) & (C); 34 C.F.R. Sec. 300.137.]
ទោះយ៉ាងណាក៏ដោយ មណ្ឌលសិក្សាធិការ ត្រូវតែផ្តល់ឲ្យកុមារនូវការចូលរួមទៅក្នុងកម្មវិធីអប់រំពិសេសរបស់ខ្លួន។ [34 C.F.R. Sec. 300.132.] មណ្ឌលសិក្សាធិការនោះ ត្រូវតែចំណាយថវិកាមូលនិធិសហព័ន្ធមួយចំនួនដែលខ្លួនទទួលបានសម្រាប់សិស្សផ្នែកអប់ពិសេស ទៅលើកុមារមានតម្រូវការពិសេស ដែលទទួលបានការអប់រំនៅក្នុងសាលារៀនឯកជន។ មណ្ឌលសិក្សាធិការតែម្នាក់ឯង ត្រូវកំណត់ថាតើសេវាកម្មអ្វីខ្លះដែលនឹងត្រូវផ្តល់ជូន – ឧទាហរណ៍ សេវាកម្មផ្នែកពាក្យសម្តីសម្រាប់សិស្សថ្នាក់មត្តេយ្យសិក្សា ឬសេវាបង្រៀនចល័តផ្នែកអំណាន។ល។ តាមរយៈការចូលរួមមតិយោបល់របស់ឪពុកម្តាយ និងសាលាឯកជន (ប៉ុន្តែមិនដូចកិច្ចដំណើរការអប់រំពិសេសទេ) មណ្ឌលសិក្សាធិការ មានការទទួលខុសត្រូវចំពោះការធ្វើសេចក្តីសម្រេចចិត្តចុងក្រោយពាក់ព័ន្ធនឹងសេវាកម្មអប់រំដែលត្រូវផ្តល់ជូនដល់សិស្សទាំងនេះ។ [34 C.F.R. Secs. 300.137(b)(1) & (2).]
មណ្ឌលសិក្សាធិការ ត្រូវតែមានភាពយុត្តិធម៌ និងពិចារណាឲ្យបានដឹតដល់នៅក្នុងការកំណត់ពីរបៀបដែលត្រូវចំណាយចំណែកទឹកប្រាក់លើសិស្សមានពិការភាពដែលបានដាក់បញ្ចូលដោយឪពុកម្តាយទៅក្នុងការសិក្សានៅសាលាឯកជន។ មណ្ឌលសិក្សាធិការ ត្រូវតែចូលរួមនៅក្នុងការពិគ្រោះយោបល់ឲ្យបានទាន់ពេលវេលា និងពេញលេញជាមួយអ្នកតំណាងមកពីសាលាឯកជន និងអ្នកតំណាងរបស់ឪពុកម្តាយរបស់សិស្សដែលបានដាក់បញ្ចូលទៅក្នុងការសិក្សាដោយឪពុកម្តាយនោះ។ មន្ត្រីសាលាឯកជន អាចដាក់ពាក្យបណ្តឹងទៅកាន់រដ្ឋលេខាធិការក្រសួងអប់រំសហរដ្ឋអាមេរិក (U.S. Secretary of Education) ប្រសិនបើពួកគេជឿជាក់ថាមណ្ឌលសិក្សាធិការមិនបានចូលរួមក្នុងការពិគ្រោះយោបល់ឲ្យបានទាន់ពេលវេលា និងពេញលេញ ឬមិនបានផ្តល់ការពិចារណាឲ្យសមស្របទៅលើការយល់ឃើញរបស់ពួកគេនោះទេ។ [20 U.S.C. Secs. 1412(a)(10)(A)(1)((I)-(V); 34 C.F.R. Secs. 300.134 – 300.136.]
មណ្ឌលសិក្សាធិការ ត្រូវតែចំណាយចំនួនទឹកប្រាក់របស់សហព័ន្ធតាមចំនួនសមមាត្រ ដែលទទួលបានដោយមណ្ឌលសិក្សាធិការ (ផ្អែកតាមចំនួនសិស្សដែលបានដាក់បញ្ចូលទៅក្នុងការសិក្សាដោយឪពុកម្តាយ ធៀបទៅនឹងចំនួនសិស្សដែលមានពិការភាពសរុបក្នុងមណ្ឌលសិក្សាធិការ)។ [34 C.F.R. Sec. 300.133.] ទោះយ៉ាងណាក៏ដោយ ច្បាប់សហព័ន្ធមិនហាមឃាត់មណ្ឌលសិក្សាធិការពីការចំណាយថវិការដ្ឋបន្ថែមទៀត សម្រាប់គោលបំណងនេះទេ [34 C.F.R. Sec. 300.133(d).] សេវាកម្មនានា អាចត្រូវផ្តល់ជូននៅក្នុងបរិវេណសាលារៀនឯកជន ព្រមទាំងសាលាសាសនាផងដែរ “ក្នុងកម្រិតមួយដែលស្របទៅតាមច្បាប់”។ ទីភ្នាក់ងារអប់រំតាមមូលដ្ឋាន មិនតម្រូវឲ្យផ្តល់ការដឹកជញ្ជូនពីផ្ទះរបស់សិស្សទៅកាន់សាលារៀនឯកជនទេ។ [34 C.F.R. Sec. 300.139.]
នៅពេលណាសិស្សដែលមានពិការភាពត្រូវបានចុះឈ្មោះសិក្សានៅសាលាសាសនា ឬសាលាឯកជនផ្សេងៗដោយឪពុកម្តាយសិស្ស ហើយនឹងទទួលបានសេវាអប់រំ ពេលនោះមណ្ឌលសិក្សាធិការ ត្រូវតែរៀបចំកិច្ចប្រជុំដើម្បីបង្កើត ពិនិត្យ និងកែប្រែសាជាថ្មីលើផែនការសេវាកម្មដែលរៀបរាប់អំពីការអប់រំពិសេស និងសេវាកម្មពាក់ព័ន្ធដែលមណ្ឌលសិក្សានឹងផ្តល់ទៅឲ្យសិស្ស ដោយសារតែសេវាកម្មដែលមណ្ឌលសិក្សាធិការបានកំណត់នោះ ខ្លួននឹងមានផ្តល់ជូន។ ផែនការសេវាកម្ម ត្រូវតែបានបង្កើត ត្រួតពិនិត្យ និងកែសម្រួលឡើងវិញដោយប្រើនីតិវិធីតែមួយដែលបានតម្រូវចាំបាច់នៅក្នុងការបង្កើតកម្មវិធី IEP។ [34 C.F.R. Secs. 300.137(c) & (b).] ការអប់រំពិសេស និងសេវាកម្មពាក់ព័ន្ធ មានដូចជាសម្ភារៈនិងបរិក្ខារនានា ត្រូវតែមិនមានពាក់ព័ន្ធនឹងសាសនា មិនមានភាពលម្អៀង និងមិនមានមនោគមន៍វិជ្ជាអ្វីឡើយ។ [34 C.F.R. Sec. 300.138(c)(2).] ប្រសិនបើការដឹកជញ្ជូនមានភាពចាំបាច់សម្រាប់សិស្សក្នុងការទទួលបានអត្ថប្រយោជន៍ពីសេវាកម្ម ពេលនោះមណ្ឌលសិក្សាធិការត្រូវតែផ្តល់ការដឹកជញ្ជូនពីសាលារៀនឬផ្ទះរបស់សិស្សទៅកន្លែងណាមួយក្រៅពីសាលារៀនឯកជន និងពីទីតាំងសេវាកម្មទៅកាន់សាលារៀនឯកជន។ មណ្ឌលសិក្សាធិការ មិនតម្រូវឲ្យផ្តល់ការដឹកជញ្ជូនពីផ្ទះរបស់សិស្សទៅកាន់សាលារៀនឯកជនទេ។ ថ្លៃចំណាយលើការដឹកជញ្ជូន អាចត្រូវបានរួមបញ្ចូលទៅក្នុងការគណនាថាតើមណ្ឌលសិក្សាធិការបានបំពេញតាមបន្ទុកហិរញ្ញវត្ថុរបស់ខ្លួនដែរឬអត់ នៅក្នុងការផ្តល់សេវាកម្មដល់សិស្សដែលបានដាក់បញ្ចូលក្នុងសាលារៀនឯកជនដោយឪពុកម្តាយ។ [34 C.F.R. Sec. 300.139.]
មណ្ឌលសិក្សាធិការ មានការទទួលខុសត្រូវផ្នែកអប់រំសម្រាប់កុមារទាំងអស់ រួមទាំងកុមារដែលមានពិការភាពរស់នៅក្នុងដែនសមត្ថកិច្ចតំបន់ភូមិសាស្ត្ររបស់ពួកគេផងដែរ។ ប្រសិនបើអ្នកបានដាក់កូនរបស់អ្នកទៅក្នុងសាលារៀនឯកជន ឬសាលាតាមវិហារសាសនា ដោយមិនមានការចូលរួមរបស់មណ្ឌលសិក្សាធិការរបស់អ្នកនោះទេ ពេលនោះមណ្ឌលសិក្សាធិការដែលសាលារៀនមានទីតាំងស្ថិតនៅ (ដោយមិនគិតពីតាំងលំនៅដ្ឋានរបស់អ្នកទេ) ត្រូវបន្តមានការទទួលខុសត្រូវលើការពិនិត្យតាមដានពិការភាពកុមារ (child-find) – ពោលគឺ មណ្ឌលសិក្សាធិការ ត្រូវកំណត់អត្តសញ្ញាណ និងវាយតម្លៃលើកូនរបស់អ្នកសម្រាប់សិទ្ធិទទួលបានការអប់រំពិសេស។ [34 C.F.R. Sec. 300.131(f).] ដរាបណាមណ្ឌលសិក្សាធិការដែលអ្នកមានលំនៅដ្ឋានស្នាក់នៅ មានផ្តល់ជូនការអប់រំ FAPE នៅតាមសាលារៀនសាធារណៈ ពេលនោះមណ្ឌលសិក្សាធិការតម្រូវឲ្យទូទាត់សម្រាប់ការអប់រំពិសេស និងសេវាកម្មពាក់ព័ន្ធសម្រាប់សិស្សណាម្នាក់ដែលឪពុកម្តាយបានដាក់បញ្ចូលទៅក្នុងសាលារៀនឯកជន។ [34 C.F.R. Sec. 300.148.] ប៉ុន្តែ ប្រសិនបើកូនរបស់អ្នកត្រូវបានដាក់បញ្ចូលទៅក្នុងសាលារៀនឯកជន ដោយមណ្ឌលសិក្សាធិការ ដើម្បីទទួលបានការអប់រំ FAPE (ទោះបីជាវាមិនអាចទៅរួចទេដែលមណ្ឌលសិក្សាធិការអាចដាក់បញ្ចូលសិស្សណាម្នាក់ទៅក្នុងសាលាសាសនាឯកជនសម្រាប់គោលបំណងនេះក៏ដោយ) ដូច្នេះ មណ្ឌលសិក្សាធិការ មានការទទួលខុសត្រូវផ្នែកហិរញ្ញវត្ថុសម្រាប់សេវាបង្រៀន សេវាកម្មពាក់ព័ន្ធ និងសេវាកម្មបំពេញបន្ថែម។ [34 C.F.R. Secs. 300.145 – 300.147.] មើលជំពូក 5 ព័ត៌មានស្តីពីសេវាកម្មពាក់ព័ន្ធ។