Menu Close

(2.41) តើ​ច្បាប់​អ្វី​ខ្លះ​​ដែល​ធានា​នូវ​ការវាយតម្លៃ​អំពី​សិទ្ធិ​​ទទួល​​បាន​ការអប់រំ​​ពិសេស​​ដែលសមស្របចំពោះ​​សិស្ស​​ពហុ​វប្បធម៌?

(2.41) តើ​ច្បាប់​អ្វី​ខ្លះ​​ដែល​ធានា​នូវ​ការវាយតម្លៃ​អំពី​សិទ្ធិ​​ទទួល​​បាន​ការអប់រំ​​ពិសេស​​ដែលសមស្របចំពោះ​​សិស្ស​​ពហុ​វប្បធម៌?

ច្បាប់សហព័ន្ធតម្រូវឱ្យ៖

  1. ជ្រើសរើស​ និង​រៀបចំធ្វើតេស្ត​ដើម្បី​កុំ​ឲ្យ​មាន​ការរើស​អើង​​ពូ​ជ​សាសន៍ វប្បធម៌​ ឬភេទ។​​
  2. រៀបចំ​ធ្វើ​តេស្ត​​ជា​ភាសា​គោល​​របស់​​សិស្ស ​ឬក៏​វិធី​ប្រាស្រ័យ​​ទាក់ទង​ផ្សេង​ទៀត។
  3. បង្កើតតេស្តដែលវាស់វែងត្រឹមត្រូ​វដើម្បីអាចយក​ទៅ​ប្រើ​ប្រាស់​​តាម​គោលបំណង​ដែល​ចង់​បាន​។​​
  4. បង្កើត​​តេស្ត​ដែល​វាយ​តម្លៃ​​លើ​តម្រូវការ​តាម​ផ្នែក​ជាក់​លាក់​ណា​មួយ​ ​និង​​​មិន​គ្រាន់​​តែ​វាស់វែង​អំពី​កម្រិត​នៃ​បញ្ញា​តែ​​មួយមុខ។ គេ​​មិន​អាច​​ប្រើ​នីតិវិធី​​តែ​មួយ​ជា​លក្ខណៈ​​វិនិច្ឆ័យ​តែ​មួយ​​ដើម្បីកំណត់​​កម្មវិធី​​អប់រំ​សិស្ស​​ដែល​សមស្រប​នោះ​ទេ​។​​
  5. នៅពេល​សិស្ស​​​ដែល​​​​មាន​​ពិការ​ភាព​ផ្នែក​​ឥន្ទ្រី​យារម្មណ៍ ហត្ថកម្ម​ និង​​និយាយ ត្រូវបានធ្វើតេស្ត​ ការ​ធ្វើ​​តេស្ត​​​​ត្រូវធានា​ថាលទ្ធផល​នោះ​​ឆ្លុះ​បញ្ចាំង​​យ៉ាង​​សុក្រិត​​​អំពី​​​កម្រិត​​សម្បទា ​​និង​លទ្ធផល​សិក្សា​របស់សិស្ស​​ និង​មិនមែន​ឆ្លុះបញ្ចាំងអំពី​បំណិន​ដែលមាន​ពិការភាព​​របស់សិស្ស​នោះទេ លើកលែងតែ​បំណិនទាំងនោះ​ត្រូវ​បាន​វាស់វែង​​ដោយការធ្វើតេស្តនោះ​។​
  6. សិស្ស​ត្រូវ​ទទួលបាន​ការវាយតម្លៃ​​លើគ្រប់ផ្នែក​ដែល​ពាក់​ព័ន្ធ​​នឹង​ពិការភាព​ដែលគេសង្ស័យ ដែលក្នុងនោះ​រួមមាន​ ​បើ​អាច​គឺ​​សុខភាព​​​ និង​​ការលូតលាស់ ចក្ខុវិញ្ញាណ​ (រួមទាំង​​​ចក្ខុវិញ្ញាណ​ខ្សោយ​​) សោតវិញ្ញាណ​ កាយវិញ្ញាណ សមត្ថភាព​ទូទៅ លទ្ធផល​សិក្សា ស្វ័យជំនួយ បំណិន​តម្រង់ទិស ​និង​ចល័តភាព សមត្ថភាព​អាជីព ​និង​វិជ្ជាជីវៈ និង​​ចំណាប់​អារម្មណ៍ ​និង​​ស្ថានភាព​​ផ្លូវចិត្ត ​​និង​សង្គម​​។​ [34 C.F.R. Sec. 300.304.]

លើស​ពី​នេះ​ទៀត ចំពោះ​កុមារ​ដែល​មាន​សមត្ថភាព​ភាសាអង់គ្លេស​មាន​កម្រិត​ យើង​ត្រូវផ្តល់ឧបករណ៍ និង​នីតិវិធី​​ជា​ភាសា​កំណើត ​​ឬ​​វិធី​ប្រាស្រ័យ​ទាក់ទង​របស់​សិស្ស​ហើយ​ត្រូវ​ផ្តល់​ព័ត៌មាន​ត្រឹមត្រូវ​អំពី​អ្វី​ដែល​សិស្ស​បាន​ដឹង​ និង​​មានសមត្ថភាពលើការសិក្សា​ ការអភិវឌ្ឍ និង​ការ​បំពេញ​មុខងារ ​លើក​លែង​តែ​មិន​អាច​ធ្វើ​បាន​។ [Cal. Ed. Code Sec. 56320(a)(b).]

ច្បាប់​​សហព័ន្ធ​​តម្រូវ​​ឱ្យ​​មាតាបិតា​​ផ្តល់​​នូវទម្រង់​យល់ព្រម​លើ​​នីតិវិធី​​វាយតម្លៃ​​សិស្ស ​និង​ការកំណត់​​កម្រិត​សិក្សា​​​របស់​​សិស្ស។​ ទម្រង់​យល់ព្រម​មាន​ន័យ​ថា​ ​ក្នុង​នាម​ជា​មាតា​បិតា​ អ្នក​ត្រូវ​តែដឹង​អំពី​ព័ត៌មាន​ទាំងអស់​ដែល​ទាក់ទង​ទៅ​នឹង​សកម្មភាពនៃការទទួលបានការព្រមព្រៀងជាភាសា​កំណើត​របស់​អ្នក​ ឬក៏​​វិធី​ប្រាស្រ័យ​ទាក់ទង​ផ្សេង​ទៀត​។ [34 C.F.R. Secs. 300.300 & 300.9.]

ច្បាប់​របស់​រដ្ឋ​ផ្តល់​នូវ​ការការពារ​ដូចគ្នា​នឹង​ច្បាប់​របស់​សហព័ន្ធ​ដែរ។ ម្យ៉ាង​ទៀត ច្បាប់​របស់រដ្ឋចែងថា៖

  1. ផែនការវាយតម្លៃ​ត្រូវ​បាន​ផ្តល់​ជា​ភាសា​ទីមួយ​របស់​មាតា​បិតា ​លើក​លែង​តែ​មិន​អាច​ធ្វើ​ទៅ​បាន​ទេ​។
  2. ការវាយតម្លៃអំពីសុខភាពផ្លូវចិត្តរបស់សិស្សត្រូវតែធ្វើឡើងដោយចិត្តវិទូ​ប្រចាំសាលា​ដែល​ទទួល​បាន​ការបណ្តុះ​បណ្តាល​​​ និង​ត្រៀម​  លក្ខ​​​​ណៈ​​ដើម្បី​វាយតម្លៃ​អំពី​កត្តា​​វប្បធម៌ ​​និង​​ជាតិសាសន៍​​ដែល​​ស្រប​​ទៅ​​នឹង​​សិស្ស​​ដែល​គេ​វាយ​តម្លៃ។ និង
  3. ចំពោះ​សិស្ស​ដែល​​ភាសា​ទីមួយ​​មិន​មែន​ជា​ភាសា​អង់គ្លេស ត្រូវ​បញ្ចូ​ល​គោលដៅ កម្មវត្ថុ កម្មវិធី​ និង​សេវា​ដែលសរសេរជា​ភាសា​សមស្របក្នុងកម្មវិធី​​អប់រំ​សម្រាប់​​បុគ្គលម្នាក់ៗ​ (IEP)។ [Cal. Ed. Code Secs. 56320(a)(3), 56321(b)(2), 56324(a), & 56345(b)(2).]