កម្មវិធី IEP គឺជារបាយការណ៍ជាលាយលក្ខណ៍អក្សរដែលពិពណ៌នាអំពីកម្រិតសកម្មភាពសិក្សាបច្ចុប្បន្នរបស់កូនអ្នក គោលដៅសិក្សារៀនសូត្រ កន្លែងរៀន និងសេវាកម្មនានា។ 1 ដើម្បីទទួលបានកម្មវិធី IEP កូនរបស់អ្នកត្រូវតែទទួលបានការវាយតម្លៃជាមុនសិន។ ដើម្បីស្នើសុំការវាយតម្លៃ សូមសរសេរលិខិតមួយច្បាប់ទៅកាន់នាយក/អ្នកសម្របសម្រួលផ្នែកអប់រំពិសេសប្រចាំមណ្ឌលសិក្សាធិការរបស់អ្នក ជាមួយនឹងសេចក្ដីចម្លងមួយច្បាប់សម្រាប់គ្រូបង្រៀន និងនាយកសាលារបស់កូនអ្នក។ ប្រាប់ពួកគេថាអ្នកមានការបារម្ភអំពីការរីកចម្រើនលើការអប់រំរបស់កូនអ្នក។ រៀបរាប់ថាអ្នកកំពុងធ្វើការបញ្ជូនបន្តសម្រាប់ការវាយតម្លៃចំពោះសេវាកម្មអប់រំពិសេស។ អ្នកក៏អាចចង់ឲ្យមណ្ឌលសិក្សាធិការដឹងថាអ្នកកំពុងទន្ទឹងរង់ចាំទទួលផែនការវាយតម្លៃក្នុងរយៈពេល 15 ថ្ងៃ គិតចាប់ពីពេលដែលមណ្ឌលសិក្សាធិការទទួលបានលិខិតរបស់អ្នក។ សូមមើល លិខិតគំរូ – សំណើសុំកិច្ចប្រជុំ IEP ផ្នែកឧបសម្ព័ន្ធ – ឧបសម្ព័ន្ធ H។
រក្សាទុកសេចក្តីចម្លងមួយច្បាប់នៃសំណើសុំនេះ និងលិខិតឆ្លើយឆ្លងមួយចំនួនផ្សេងទៀតជាមួយមណ្ឌលសិក្សាធិការនោះ។ ប្រសិនបើអ្នកទូរសព្ទ ឬនិយាយទៅកាន់បុគ្គលិកសាលាដើម្បីធ្វើការបញ្ជូនបន្ត នោះបុគ្គលិកមណ្ឌលសិក្សាធិការ ត្រូវតែជួយអ្នកដាក់សំណើសុំនោះជាលាយលក្ខណ៍អក្សរ។ ប្រសិនបើមណ្ឌលសិក្សាធិការបញ្ចូនកូនអ្នកសម្រាប់ការអប់រំពិសេស អ្នកនៅតែចាំបាច់ត្រូវតាមដានសំណើសុំជាលាយលក្ខណ៍អក្សរផ្ទាល់ខ្លួនរបស់អ្នកដដែល។ សំណើសុំការបញ្ជូនបន្តជាលាយលក្ខណ៍អក្សររបស់អ្នក គឺដាក់បន្ទុកលើមណ្ឌលសិក្សាធិការឲ្យអនុវត្តតាមការវាយតម្លៃ និងពេលវេលាកំណត់នៃកម្មវិធី IEP។ 2 សម្រាប់ព័ត៌មានបន្ថែមអំពីការកំណត់ពេលវេលានៃការវាយតម្លៃ សូមមើល ជំពូក 2 ព័ត៌មានស្ដីពីរង្វាយតម្លៃ/ការវាយតម្លៃ។
នៅក្នុងលិខិតបញ្ជូនបន្តរបស់អ្នក អ្នកក៏គួរតែស្នើសុំឲ្យកូនរបស់អ្នកទទួលបានការវាយតម្លៃផងដែរ ក្រោមផ្នែក 504 នៃច្បាប់ស្តីពីការស្តារនីតិសម្បទា ឆ្នាំ1973 (ហៅកាត់ថា ផ្នែក 504) ដើម្បីកំណត់ថាតើកូនរបស់អ្នកអាចមានសិទ្ធិទទួលបានសេវាកម្មក្រោមច្បាប់នោះដែរឬអត់។ ប្រសិនបើមានសិទ្ធិទទួលបាន មណ្ឌលសិក្សាធិការអាចនឹងតម្រូវឲ្យផ្តល់នូវការសម្របសម្រួល និង/ឬសេវាកម្មសមស្របនានា រួមទាំងសេវាកម្មអប់រំពិសេសផងដែរ ដើម្បីអនុញ្ញាតឲ្យកូនរបស់អ្នកទទួលបានអត្ថប្រយោជន៍ពីសាលារៀនដូចជាកុមារដែលគ្មានពិការភាពដែរ។ ការសម្របសម្រួល និង/ឬសេវាកម្មទាំងនេះអាចនឹងមានសារៈសំខាន់ ប្រសិនបើកូនរបស់អ្នកមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការទទួលបានការអប់រំពិសេសក្រោមច្បាប់ស្តីពីការអប់រំជនពិការ (IDEA) នោះទេ ឬប្រសិនបើការសម្របសម្រួល និង/ឬសេវាកម្មទាំងនោះមិនត្រូវបានផ្តល់ជូនក្រោមច្បាប់អប់រំពិសេស ដោយសារហេតុផលមួយចំនួន។ 3 សូមមើល ជំពូក 1 ព័ត៌មានស្ដីពីសិទ្ធិមូលដ្ឋាន; ជំពូក 3 ព័ត៌មានស្ដីពីលក្ខណៈវិនិច្ឆ័យនៃសិទ្ធិទទួលបាន; និង ជំពូក 16 ព័ត៌មានស្ដីពីផ្នែក 504 និងការរើសអើងដោយសារពិការភាព។
