នៅក្នុងសវនាតាមនីតិវិធីត្រឹមត្រូវតាមផ្លូវច្បាប់ អ្នកត្រូវតែបង្ហាញភស្តុតាងដែលចែងថា កូនអ្នកត្រូវការសេវាកម្ម ឬក៏កន្លែងរៀនដែលអ្នកកំពុងស្វែងរកតាមរយៈសវនាការតាមនីតិវិធីត្រឹមត្រូវតាមច្បាប់នេះ។ ខាងក្រោមនេះគឺជាឧទាហរណ៍នៃជម្លោះទូទៅមួយចំនួន៖
- អ្នកមិនពេញចិត្តនឹងគោលដៅនិងវត្ថុបំណងនៃកម្មវិធី IEP របស់កូនអ្នក ដោយជឿថាគោលដៅនិងវត្ថុបំណងមិនច្បាស់ ឬថាកូនរបស់អ្នកអាចសម្រេចជោគជ័យតាមរយៈសេវាកម្មជាក់លាក់បានច្រើនជាងមណ្ឌលសិក្សាធិការមានឆន្ទៈទទួលស្គាល់។ អ្នកត្រូវការភ័ស្តុតាងថា វត្ថុបំណងដែលអ្នកចង់សរសេរ គឺជាការរំពឹងទុកដែលសមហេតុផលសម្រាប់ការសិក្សា និងទទួលបានជំនាញ ដោយសារតែពិការភាពរបស់កូនអ្នក និងរយៈពេលដែលអ្នករំពឹងថា នឹងសម្រេចគោលបំណង។
- អ្នកយល់ស្របនឹងគោលដៅនិងវត្ថុបំណងរបស់កម្មវិធី IEP ប៉ុន្តែមិនយល់ស្របនឹងមណ្ឌលសិក្សាធិការអំពីកម្រិតសេវាកម្មដែលសម្រេចដល់វត្ថុបំណងទាំងនេះ។ អ្នកត្រូវការភស្តុតាងទាក់ទងនឹងកម្រិតនៃសេវាកម្មដែលកូនអ្នកត្រូវការ។
- អ្នកមិនយល់ស្របនឹងកន្លែងរៀនដែលមណ្ឌលសិក្សាធិការកំពុងស្នើសុំ ដោយជឿថាការកំណត់កម្រិតសិក្សានោះមិនអាចបំពេញតាមតម្រូវការរបស់កម្មវិធី IEP របស់កូនអ្នក ឬក៏មិនផ្តល់ជូនអន្តរកម្មសមស្របជាអតិបរមាដល់កូនៗរបស់អ្នកជាមួយសិស្សដែលគ្មានពិការភាព។ អ្នកត្រូវការភស្តុតាងទាក់ទងនឹងសេវាកម្មគាំទ្រដែលអាចប្រើបានដើម្បីអាចបម្រើកូនរបស់អ្នកដែលរៀនក្នុងថ្នាក់អប់រំចំណេះទូទៅ ឬក៏តាមវិធីមានបរិយាបន្ន ឬវិធីរួមបញ្ចូលគ្នាជាច្រើនទៀត។
អ្នកមិនគួរពិចារណាស្នើសុំសវនាការតាមនីតិវិធីត្រឹមត្រូវតាមផ្លូវច្បាប់នោះទេ លុះត្រាតែអ្នកបានដឹងច្បាស់អំពីបទដ្ឋានគតិយុត្តិ សម្រាប់សេវាកម្មវិធី IEP ឬកន្លែងរៀនដែលអ្នកសង្ឃឹមថានឹងទទួលបាននោះទេ។ អ្នកក៏ត្រូវប្រាកដផងដែរថា ភស្តុតាងដែលអ្នកត្រូវការដើម្បីបំពេញបានតាមបទដ្ឋានគតិយុត្តទាំងនោះនឹងមានផ្តល់ជូនអ្នក នៅពេលណាអ្នកត្រូវការវា។ បើភស្តុតាងរបស់អ្នកមួយចំនួនជាទម្រង់ឯកសារ អ្នកត្រូវមានឯកសារទាំងនោះប្រាំថ្ងៃយ៉ាងតិចនៃថ្ងៃធ្វើការ មុនពេលធ្វើសវនាការផ្លាស់ប្តូរជាមួយមណ្ឌលសិក្សាធិការ។ សាក្សីដែលអ្នកចង់ប្រើនៅក្នុងរឿងក្តីរបស់អ្នកត្រូវបង្ហាញខ្លួន ត្រៀមខ្លួនធ្វើសក្ខីកម្មនៅកាលបរិច្ឆេទ ពេលវេលា និងទីកន្លែងដែលបានកំណត់សម្រាប់សវនាការ។
ខាងក្រោមនេះគឺជាឧទាហរណ៍នៃបញ្ហាសវនាការធម្មតាដែល ALJ នឹងពិនិត្យបើអ្នកជំទាស់ទៅនឹង ភាពសមស្រប នៃកម្មវិធី IEP របស់សាលាសម្រាប់កូនអ្នក៖
- តើកម្មវិធី IEP របស់សាលា ត្រូវបានរៀបចំឡើងដើម្បីបំពេញតម្រូវការពិសេសរបស់កូនអ្នកដែរឬទេ? ឧទាហរណ៍ តើគោលដៅនៃកម្មវិធី IEP ត្រូវបានតាក់តែងឡើងសម្រាប់ឱនភាពអប់រំលើគ្រប់ផ្នែកទាំងអស់ ដែលបានកំណត់នៅក្នុងការវាយតម្លៃកូនរបស់អ្នកទេ? តើសេវាកម្មដែលបានផ្តល់ជូនទាក់ទងនឹងការរីកចម្រើនឆ្ពោះទៅរកគោលដៅទាំងនោះដែរឬទេ? ម៉្យាងវិញទៀត តើឱនភាពអប់រំរបស់កូនអ្នកត្រូវបានគេពិចារណា នៅពេលដែលគេធ្វើសេចក្តីសម្រេចអំពីសេវាកម្ម និងយុទ្ធសាស្រ្តដើម្បីដោះស្រាយបញ្ហាទាំងនោះ ឬក៏ធ្វើសេចក្តីសម្រេច ផ្អែកលើកន្លែងទំនេរ រដ្ឋបាលងាយស្រួល ឬក៏កត្តាផ្សេងទៀតដែលមិនទាក់ទងនឹងបុគ្គលនីយកម្មកម្មវិធីសម្រាប់សិស្សពិសេស?
- តើកម្មវិធី IEP “បានរបៀបចំឡើងយ៉ាងសមស្របដើម្បីផ្តល់” “ប្រយោជន៍ការអប់រំ” (ឧ.ទា. ការរីកចម្រើនដែលសមស្របទៅនឹងកាលៈទេសៈរបស់កុមារ) ដែរឬទេ? បើកូនរបស់អ្នកមិនបានរីកចម្រើនឆ្ពោះទៅរកគោលដៅទេ នេះគឺជាភស្ដុតាងដែលគាំទ្រដល់របកគំហើញថា កម្មវិធី IEP មិនត្រូវបានគណនាសមហេតុផលដើម្បីឲ្យមានវឌ្ឍនភាព។ ឬ បើសេវាកម្ម ឬកន្លែងរៀនដែលបានផ្តល់ជូនមិនទាក់ទងទៅនឹងគោលដៅដែលត្រូវសម្រេច កម្មវិធី IEP មិនត្រូវបានគណនាសមហេតុផលដើម្បីផ្តល់អត្ថប្រយោជន៍ទេ។1
- តើកម្មវិធីដែលបានអនុវត្តសម្រាប់កូនរបស់អ្នក ស្របនឹងអ្វីដែលបានសរសេរនៅក្នុងកម្មវិធី IEP ដែរឬទេ? និយាយម៉្យាងទៀត តើសេវាកម្មដែលបានសន្យានៅក្នុងកម្មវិធី IEP ត្រូវបានគេផ្តល់ជូនជាក់ស្តែងឬទេ? ហើយ តើពួកវាមានរៀបរាប់អំពីភាពញឹកញាប់ រយៈពេល និងបរិយាកាសក្នុងកម្មវិធី IEP ដែរឬទេ?
បើអ្នកកំពុងជំទាស់នឹងការរឹតបន្តឹងនៃកន្លែងរៀនដើម្បីអនុវត្តកម្មវិធី IEP ជាទូទៅ ALJ នឹងពិនិត្យមើលកត្តាមូលដ្ឋានទាំងនេះ៖
- តើកន្លែងរៀនដែលមានការរឹតបន្តឹងដែលមណ្ឌលសិក្សាធិការបានផ្តល់ជូន មានភាពចាំបាច់ដើម្បីឲ្យកូនអ្នកទទួលបានប្រយោជន៍ គឺការរីកចម្រើនឆ្ពោះទៅរកគោលដៅរបស់គាត់ដែរឬទេ? ឬក៏ តើវឌ្ឍនភាពអាចកើតឡើងក្នុងបរិយាកាសដែលមិនសូវរឹតត្បិតដោយការចូលទៅកាន់មិត្តភក្ដិដែលគ្មានពិការភាពដែរឬទេ? តើគេអាចប្រើសេវាកម្មបន្ថែមអ្វីខ្លះ (ដូចជាការបង្រៀនបន្ថែម ឬជំនួយលើអាកប្បកិរិយា ឬ ការកែប្រែកម្មវិធីសិក្សា) ដើម្បីទទួលបានប្រយោជន៍ក្នុងបរិយាកាសដែលមិនសូវរឹតត្បិត?2
- តើអ្វីទៅជាប្រយោជន៍ក្រៅផ្លូវការ (ដូចជាទំនាក់ទំនងសង្គម ជំនាញឥរិយាបថ ឬជំនាញប្រាស្រ័យទាក់ទង) ដែលអាចទទួលបានពីកន្លែងរៀនក្នុងបរិយាកាសដែលមិនសូវរឹតត្បិត?
- តើមានឥទ្ធិពលអ្វីខ្លះមកលើគ្រូនិងសិស្សដែលគ្មានពិការភាព បើកូនអ្នកត្រូវដាក់ក្នុងបរិយាកាសដែលមិនសូវតឹងរឹង? តើកូនអ្នកត្រូវការពេលច្រើនពេករបស់គ្រូក្នុងថ្នាក់រៀន ឬក៏ក្រៅថ្នាក់រៀនដែរឬទេ? តើកូនអ្នករំខានដល់សិស្សដទៃទៀតក្នុងបរិយាកាសដែលមិនសូវតឹងរឹងដែរឬទេ? បើគ្រូឬសិស្សដទៃទៀតនឹងរងផលប៉ះពាល់មិនល្អ តើត្រូវមានសេវាកម្មបន្ថែមអ្វីខ្លះដើម្បីដោះស្រាយបញ្ហាទាំងនេះ?
- តើមណ្ឌលសិក្សាធិការត្រូវចំណាយប្រាក់អស់ប៉ុន្មានលើសេវាកម្មបន្ថែមសម្រាប់កន្លែងរៀនសមស្រងក្នុងបរិយាកាសដែលមិនតឹងរឹង? តើការចំណាយនោះនឹងក្លាយជាបន្ទុកធ្ងន់សម្រាប់មណ្ឌលសិក្សាធិការ និងជះឥទ្ធិពលអាក្រក់ដល់ការផ្តល់នូវសេវាកម្មដល់សិស្សដទៃទៀតក្នុងមណ្ឌលសិក្សាធិការដែរឬទេ? (ទោះបីនេះគឺជាកត្តាមួយក្នុងចំណោមកត្តាដែលត្រូវពិចារណាក៏ដោយ ក៏វាមិនត្រូវមណ្ឌលសិក្សាធិការលើកឡើងជាហេតុផលដាក់សិស្សក្នុងបរិយាកាសដែលមិនសូវរឹតត្បិតនោះទេ)។3 សូមមើល ជំពូក 7 ព័ត៌មានស្តីពីមជ្ឈដ្ឋានដែលមានការរឹតបន្តឹងតិចបំផុត។
ដូច្នេះ នៅក្នុងស្ថានភាពទូទៅដូចរៀបរាប់ខាងលើ អ្នកមិនបានត្រៀមខ្លួនសម្រាប់សវនាការរហូតដល់អ្នកអាចណែនាំភស្តុតាងជាទម្រង់ជាសក្ខីកម្ម និងឯកសារដែល និយាយអំពីបញ្ហាទាំងនេះ តាមរបៀបដែលនឹងផ្តល់ចៅក្រមផ្នែកច្បាប់រដ្ឋបាល (ALJ) នូវព័ត៌មានដែលត្រូវការដើម្បីសរសេរសេចក្តីសម្រេចចិត្តដែលកូនអ្នកចង់បាន។
