Menu Close

(1.1) ខ្ញុំ​យល់ដឹង​ច្រើនអំពី​ច្បាប់រដ្ឋនិងសហព័ន្ធ​ និង​បទប្បញ្ញត្តិ​របស់រដ្ឋ​និង​សហព័ន្ធ​។ តើ​មាន​ភាព​ខុសគ្នាអ្វី​ខ្លះ​​?

(1.1) ខ្ញុំ​យល់ដឹង​ច្រើនអំពី​ច្បាប់រដ្ឋនិងសហព័ន្ធ​ និង​បទប្បញ្ញត្តិ​របស់រដ្ឋ​និង​សហព័ន្ធ​។ តើ​មាន​ភាព​ខុសគ្នាអ្វី​ខ្លះ​​?

កម្មវិធីអប់រំពិសេស​នៅក្នុង​រដ្ឋ​កាលីហ្វ័រញ៉ា​ ត្រូវបានគ្រប់គ្រង​ដោយ​​​ច្បាប់​រដ្ឋ និង​សហព័ន្ធរួមបញ្ចូលគ្នា​​​។​ ក្រោមច្បាប់ទាំងនេះ មណ្ឌលសិក្សាធិការត្រូវតែ​ផ្តល់​ឲ្យ​សិស្ស​ដែល​មាន​ពិ​ការ​​ភាពម្នាក់ៗ​នូវ​សេវាកម្មអប់រំ​សាធារណៈ​សមស្រប​​ឥតគិត​ថ្លៃ​​​ (FAPE)។​ FAPE មានន័យថា​ជាការអប់រំពិសេស និង​សេវាកម្មពាក់ព័ន្ធ​ដែល​បាន​ផ្តល់ជូន​ក្រោមបន្ទុក​ចំណាយ​សាធារណៈ​និង​ដោយ​ឥត​គិត​ថ្លៃ​ បំពេញ​តាម​ស្តង់ដា​​សមស្រប​ រួមបញ្ចូលទាំង​ការអប់រំនៅ​មត្តេយ្យសិក្សា​រហូតដល់​ការអប់រំ​នៅវិទ្យាល័យ​​ និង​ស្របទៅតាម​កម្មវិធី​អប់រំ​លក្ខណៈបុគ្គល​ (Individualized Education Program, IEP)។​ 1 ការ​អប់រំ​ពិសេស​ត្រូវតែ​បាន​ផ្តល់ជូននៅក្នុង​មជ្ឈដ្ឋាន​រឹតបន្តឹងតិចបំផុត​។​ នេះ​មានន័យ​ថា​​ ក្នុងកម្រិត​អតិបរមាដ៏​​សមស្រប គ្រប់សិស្ស​ទាំងអស់ដែលមានពិការភាព គប្បីទទួលបានការអប់រំ​​ជាមួយសិស្ស​ដែល​មិនមានពិការភាព​។​​ 2 ម្យ៉ាងទៀត ការអបរំ FAPE តម្រូវឲ្យសិស្ស​ដែល​ទទួលបាន​ការអប់រំពិសេស​ មានការចូលរួម​ និង​មានវឌ្ឍនភាព​នៅ​ក្នុង​​កម្មវិធី​អប់រំ​ចំណេះ​ទូទៅ​ និង​ឆ្ពោះ​ទៅរក​ការសម្រេច​បាន​នូវ​គោល​ដៅ​កម្មវិធី​ IEP របស់ពួកគេ​។​ 3

នៅ​ឆ្នាំ ​1975 រដ្ឋ​សភាសហរដ្ឋ​អាមេរិក​ទី​ 94 បានអនុម័ត​ច្បាប់​ស្តី​ពី​ការ​អ​ប់រំ​កុមារពិការ​ទាំងអស់​ (ច្បាប់សាធារណៈ 94-142) ​បច្ចុប្បន្ននេះ​ហៅ​ថា​ច្បា​ប់ស្តីពីការអប់រំជនពិការ​ (Individuals with Disabilities Education Act, IDEA)។ 4 រដ្ឋ​កាលីហ្វ័រញ៉ា ក៏បាន​អនុម័ត​ច្បាប់​របស់ខ្លួន​ផងដែរ​​ ដែល​មាន​លក្ខណៈស្រប​គ្នាជាទូទៅ​​ជាមួយនឹង​ច្បាប់​ IDEA និង​បង្កើត​​បាន​ជា​មូលដ្ឋាន​សម្រាប់ផ្តល់សេវាកម្មនៅក្នុង​រដ្ឋនេះ​។​ 5

ច្បាប់រដ្ឋនិងសហព័ន្ធ​ មាន​ចែង​នូវ​បញ្ញត្តិភាគច្រើនដែលគ្របដណ្តប់​ទៅលើការ​ផ្តល់​សេវា​អប់រំពិសេស និង​សេវាកម្ម​ពាក់ព័ន្ធ​​។​​ ប៉ុន្តែ ជូនកាល​ច្បាប់នោះ​ គឺមានភាព​មិនច្បាស់លាស់ ឬ​មិនរាប់បញ្ចូល​ចំណុចមួយ​ចំនួន​។​ ករណី​​បញ្ហានេះ​បាន​កើត​ឡើង ទាំងក្រសួង​អប់រំ​សហព័ន្ធ (Federal Department of Education) និងក្រសួង​អប់រំ​រដ្ឋ​កាលីហ្វ័រញ៉ា​ (California State Department of Education,​ CDE) បាន​បង្កើត​នូវ​បទប្បញ្ញត្តិ​ក្រោមអំណាច​នៃ​ច្បាប់​ IDEA ឬច្បាប់រដ្ឋ​។ បទប្បញ្ញត្តិសហព័ន្ធ គឺ​មាននៅត្រង់ជំពូក​ 34 នៃច្បាប់បទប្បញ្ញត្តិ​សហព័ន្ធ​ (Code of Federal Regulations) ភាគទី​ 300 (34 C.F.R. Sec. 300) និង​បទប្បញ្ញត្តិ​រដ្ឋ​ គឺមាន​នៅជំពូក​ 5 ច្បាប់​បទ​ប្ប​ញ្ញត្តិ​រដ្ឋ​កាលីហ្វ័រញ៉ា​ (California Code of Regulations) ផ្នែក 3000 និង​ផ្នែកបន្តបន្ទាប់​ (5 C.C.R. Secs. 3000 និង​ផ្នែកបបន្តបន្ទាប់​។)

ច្បាប់និង​បទប្បញ្ញត្តិ​សហព័ន្ធ​ បង្កើត​នូវ​ក្របខណ្ឌ​ទូលំទូលាយ​ដែល​នៅ​ក្នុង​​នោះ​រដ្ឋ​កាលីហ្វ័រញ៉ា​ ត្រូវតែ​មានមុខងារ​ជា​អ្នកទទួល​មូលនិធិ​សហព័ន្ថ​នៅក្រោម​ច្បាប់​ IDEA។​ ដោយសារតែ​រដ្ឋ​កាលីហ្វ័រញ៉ា​បានអនុម័ត​ច្បាប់​លក្ខន្តិកៈ និង​បទប្បញ្ញត្តិ​ផ្ទាល់ខ្លួន​មក ដូច្នេះច្បាប់​ទាំងនេះ​នឹង​ត្រូវ​អនុវត្ត​​ជាទូទៅនៅក្នុង​ការផ្តល់​ការអប់រំពិសេស​នៅក្នុងរដ្ឋនេះ។​​ ប៉ុន្តែ​ ដោយសារតែច្បាប់ធម្មនុញ្ញកំពូល​​របស់សហរដ្ឋ​អាមេរិក​ (Supremacy Clause of the U.S. Constitution) ដូច្នេះ​ ច្បាប់​សហព័ន្ធ និងបទប្បញ្ញត្តិ​នានា​ត្រូវ​តែយកមក​​អនុវត្ត​ នៅ​ពេលណា​មាន​ភាពជាន់គ្នា​ណាមួយ​កើត​ឡើង​រវាង​ច្បាប់​រដ្ឋ​និង​សហព័ន្ធ លើកលែង​តែ​នៅពេលដែល​ច្បាប់រដ្ឋ​ផ្តល់សិទ្ធិ​បន្ថែមទៀត​ទៅដល់បុគ្គល​​។​ 6

  1. Title 20 United States Code (U.S.C.) Section (Sec.) 1401(9); Title 34, Code of Federal Regulations (C.F.R.) Sec. 300.17.[]
  2. 34 C.F.R. Sec. 300.114.[]
  3. 20 U.S.C. Sec. 1414(d)(1)(A); 34 C.F.R. Sec. 300.320(a)(1).[]
  4. 20 U.S.C. Secs. 1400 និង​ផ្នែក​បន្តបន្ទាប់។​[]
  5. California Education Code (Cal. Ed. Code) Secs. 56000 និង​ផ្នែក​បន្តបន្ទាប់។​[]
  6. Students of the California School for the Blind v. Honig (9th Cir. 1984) 736 F.2d 538.[]