នៅពេលដែលមណ្ឌលសិក្សាធិការហាក់ដូចជាបានរំលោភលើផ្នែកមួយនៃច្បាប់ ឬនីតិវិធីអប់រំពិសេស មាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀត បុគ្គល មណ្ឌលសាធារណៈ ឬអង្គការអាចដាក់ពាក្យបណ្តឹងទៅក្រសួងអប់រំរដ្ឋកាលីហ្វ័រញ៉ា (CDE) បាន។ ឧទាហរណ៍នៃការរំលោភបំពាន រួមមានជាអាទិ៍៖
- ការមិនបានអនុវត្តកម្មវិធីអប់រំលក្ខណៈបុគ្គល (IEP)
- ការមិនបានវាយតម្លៃ ឬបញ្ជូនសិស្សទៅទទួលសេវាកម្មអប់រំពិសេស
- ការមិនបានអនុវត្តតាមកាលវេលាសម្រាប់ការវាយតម្លៃ និងការបញ្ជូនបន្ត
- ការមិនបានជូនដំណឹងត្រឹមត្រូវដល់ឪពុកម្តាយអំពីកិច្ចប្រជុំកម្មវិធី IEP ឬ
- ការមិនបានអនុវត្តសេចក្តីសម្រេចលើសវនាការតាមនីតិវិធីត្រឹមត្រូវតាមច្បាប់ ឬកិច្ចព្រមព្រៀងសម្រុះសម្រួល។
មន្ត្រីស៊ើបអង្កេតរបស់ក្រសួងអប់រំរដ្ឋកាលីហ្វ័រញ៉ា (CDE) ស៊ើបអង្កេតអំពីការចោទប្រកាន់នេះ និងធ្វើការកំណត់ជាលាយលក្ខណ៍អក្សរថាតើមណ្ឌលសិក្សាធិការនេះ “មិនគោរពតាម” ច្បាប់ ឬកម្មវិធី IEP របស់សិស្សដែរឬទេ។ បើមណ្ឌលសិក្សាធិការណាមួយត្រូវបានរកឃើញថា “មិនគោរពច្បាប់” មណ្ឌលសិក្សាធិការនោះគប្បីត្រូវបានបង្គាប់ឲ្យមកអនុវត្តតាមច្បាប់វិញ។ ម្យ៉ាងទៀត CDE អាចបញ្ជាឲ្យមណ្ឌលសិក្សាធិការនោះដាក់ “ចំណាត់ការកែតម្រូវ” — ដែលជាឯកសារពណ៌នាអំពីជំហានដែលមណ្ឌលសិក្សាធិការបានអនុវត្ត ឬនឹងអនុវត្តដើម្បីធានាថា បញ្ហានោះមិនកើតឡើងម្តងទៀត ព្រមទាំងពេលវេលាកំណត់សម្រាប់អនុវត្តជំហានទាំងនោះ។ CDE) ត្រូវអនុម័ត ឬកែប្រែផែនការនេះ។
