មណ្ឌលសិក្សាធិការរបស់អ្នកមានកាតព្វកិច្ចក្នុងការ “កំណត់អត្តសញ្ញាណ កំណត់ទីតាំង និងធ្វើការវាយតម្លៃ” ចំពោះកុមារទាំងអស់ដែលមានពិការភាព ដែលពួកគេអាចមានសិទ្ធិទទួលបានការអប់រំពិសេស រួមទាំងអ្នកដែលកំពុងចូលរៀននៅសាលាឯកជន ឬគ្មានទីជម្រក ឬស្ថិតនៅក្រោមអាណាព្យាបាលរបស់តុលាការផងដែរ។ 1 នេះហៅថា “ការពិនិត្យរកពិការភាពកុមារ (Child Find)”
អ្នកក៏អាចធ្វើការបញ្ជូនបន្តសម្រាប់ការវាយតម្លៃនេះគ្រប់ពេលវេលាផងដែរ។ ការបញ្ជូនបន្តត្រូវបានឲ្យនិយមន័យថាជាការស្នើសុំការវាយតម្លៃជាលាយលក្ខណ៌អក្សរដោយឪពុកម្តាយ អាណាព្យាបាល គ្រូបង្រៀន ឬអ្នកផ្តល់សេវាផ្សេងទៀត។ អ្នកអាចបញ្ជូន ឬប្រគល់សំណើសុំវាយតម្លៃជាលាយលក្ខណ៍អក្សរ និងមានចុះកាលបរិច្ឆេទទៅកាន់មណ្ឌលសិក្សាធិការ (ឧ. នាយកផ្នែកអប់រំពិសេស នាយកសាលា អ្នកប្រឹក្សាកម្មវិធីអប់រំពិសេស ។ល។) ដើម្បីបញ្ជូនកូនរបស់អ្នកជាផ្លូវការសម្រាប់ការកំណត់កាលវេលាវាយតម្លៃ និងរៀបចំឯកសារ។ នៅពេលដែលមណ្ឌលសិក្សាធិការទទួលបានសំណើសុំការវាយតម្លៃជាលាយលក្ខណ៍អក្សររបស់អ្នកហើយ ដំណើរការវាយតម្លៃត្រូវតែចាប់ផ្តើម។ រាល់ការបញ្ជូនបន្តជាលាយលក្ខណ៍អក្សរទាំងអស់ត្រូវផ្តួចផ្តើមបង្កើតនូវដំណើរការវាយតម្លៃនេះ។
អ្នកក៏អាចទាក់ទងទៅកាន់រដ្ឋបាលសាលានៅក្នុងមូលដ្ឋានរបស់អ្នក (ឧ. នាយកសាលា ឬអ្នកប្រឹក្សាកម្មវិធីអប់រំពិសេស។ល។) បានផងដែរ។ គូសបញ្ជាក់ពីផ្នែកនៃក្តីកង្វល់របស់អ្នកទៅលើពិការភាពដែលមានការសង្ស័យរបស់កូនអ្នក និងស្នើសុំ “ការវាយតម្លៃ” ឬ “រង្វាយតម្លៃ”។ ប្រសិនបើសំណើរបស់អ្នកត្រូវបានធ្វើឡើងដោយផ្ទាល់មាត់ បុគ្គលិកមណ្ឌលសិក្សាធិការត្រូវតែផ្តល់ជំនួយដល់អ្នកដើម្បីដាក់សំណើរបស់អ្នកជាលាយលក្ខណ៍អក្សរ ហើយត្រូវតែជួយដល់អ្នកប្រសិនបើអ្នកស្នើសុំជំនួយ។ ប្រសិនបើអ្នកបានជួបជាមួយបុគ្គលិកសាលា សូមផ្តល់ឲ្យពួកគេនូវការបញ្ជូនបន្តជាលាយលក្ខណ៍អក្សរនៅក្នុងកិច្ចប្រជុំនោះ។ 2 សូមមើល លិខិតគំរូ – សំណើសុំវាយតម្លៃ ផ្នែកឧបសម្ព័ន្ធ – ឧបសម្ព័ន្ធ A។
