Menu Close

(1.99) តើមានអ្វីកើត​ឡើង​ចំពោះកម្មវិធី​អប់រំ​ពិសេសរបស់កូនខ្ញុំ​​ ប្រសិនបើ​យើង​ផ្លាស់ពី​មណ្ឌលសិក្សា​ធិការ​មួយ​ទៅ​មណ្ឌលសិក្សាធិការមួយ​ទៀត​?

(1.99) តើមានអ្វីកើត​ឡើង​ចំពោះកម្មវិធី​អប់រំ​ពិសេសរបស់កូនខ្ញុំ​​ ប្រសិនបើ​យើង​ផ្លាស់ពី​មណ្ឌលសិក្សា​ធិការ​មួយ​ទៅ​មណ្ឌលសិក្សាធិការមួយ​ទៀត​?

នៅពេលសិស្ស​ម្នាក់​ធ្វើការផ្ទេរ​នៅអំឡុង​ឆ្នាំសិក្សាណាមួយ​​ ទៅកាន់​មណ្ឌលសិក្សាធិការថ្មី​ដែល​មិន​​មែនជា​ផ្នែកមួយ​នៃ​ផ្នែក​ផែនការ​មូលដ្ឋាននៃការអប់រំពិសេស​ (Special Education Local Plan Area, SELPA) តែ​មួយ​ នោះ​មណ្ឌល​សិក្សា​​ធិការ​ថ្មី ត្រូវតែ​ផ្តល់​ឲ្យសិស្ស​នូវ​ការអប់រំ​ FAPE ដែល​រួមមាន​សេវាកម្ម​ដែល​មានលក្ខណៈប្រហាក់ប្រហែល​ទៅនឹង​សេវាកម្ម​​នៅក្នុង​កម្មវិធី​ IEP របស់​មណ្ឌលសិក្សាធិការចាស់​ ក្នុងរយៈពេល​ 30 ថ្ងៃ​ដំបូង​នៃ​ការចូលរួម​ទៅ​ក្នុង​មណ្ឌល​សិក្សា​ថ្មី​។ (SELPA គឺជា​អង្គភាព​រដ្ឋបាល​រដ្ឋកាលីហ្វ័រញ៉ា​ ដែលផ្សំឡើង​ដោយ​មណ្ឌលសិក្សាធិការ​ធំតែមួយ​គត់​ ឬ​បណ្តុំ​មណ្ឌល​សិក្សា​ធិការ​តូចៗ​នានា​ ដែលប្រមូលផ្តុំនូវ​ធនធានអប់រំ​ពិ​សេស​។) អំឡុង​រយៈពេល​ 30 ថ្ងៃ​ដំបូង​ មណ្ឌលសិក្សាធិការថ្មី​ ត្រូវ​តែ​ប្រើប្រាស់​កម្មវិធី IEP ពីមណ្ឌលសិក្សាធិកា​រ​ចាស់​ ឬបង្កើត​ និង​អនុវត្ត​កម្មវិធី​ IEP ថ្មីមួយដែល​មានភាព​ស្របទៅតាមច្បាប់អប់រំ​ពិសេស​របស់​សហព័ន្ធនិងរដ្ឋ​។ [Cal. Ed. Code Sec. 56325(a)(1).]

ប្រសិនបើសិស្ស​ផ្លាស់​ទៅកាន់មណ្ឌលសិក្សាធិការ​ថ្មី ដែលស្ថិតនៅក្នុង​ផ្នែក​ SELPA តែមួយ​ នោះ​មណ្ឌលសិក្សាធិការថ្មី​ត្រូវតែ​បន្ត​ ដោយ​ឥត​ពន្យារពេល​ ក្នុងការផ្តល់​សេវាកម្ម​ដែល​មានភាព​ប្រហាក់​ប្រហែល​ទៅនឹង​សេវាកម្ម​ទាំងឡាយ​ដែលមានចែង​នៅក្នុង​កម្មវិធី​ IEP ពីមុនមក លើកលែងតែ​ឪពុកម្តាយ និង​មណ្ឌលសិក្សាធិការ​បង្កើត​ និង​អនុវត្ត​កម្មវិធី​សិក្សាថ្មីមួយ​។ [Cal. Ed. Code Sec. 56325(a)(2).]

ប្រសិនបើសិស្ស​ម្នាក់ ផ្ទេរ​ចូ​លទៅកាន់​រដ្ឋ​កាលីហ្វ័រញ៉ា​ ជាមួយនឹង​កម្មវិធី​ IEP មកពីរដ្ឋ​ផ្សេងទៀត​ មណ្ឌលសិក្សាធិការ​ថ្មី​​​ ត្រូវតែ​ផ្តល់ទៅឲ្យគាត់​នូវ​ការអប់រំ​ FAPE រួមទាំង​សេវាកម្មដែលមាន​លក្ខណៈ​ប្រហាក់ប្រហែលទៅនឹង​សេវាកម្ម​នៅក្នុងកម្មវិធី IEP ពីមុនមករបស់គាត់​ ដោយមានការពិ​គ្រោះ​យោបល់ជាមួយ​ឪពុកម្តាយរបស់គាត់ រហូតដល់​មណ្ឌលសិក្សាធិការ​ថ្មី​ចុះ​ធ្វើការវាយតម្លៃ​ថ្មីមួយ ហើយ​បន្ទាប់មក​បង្កើត​កម្មវិធី​ IEP ថ្មីមួយ​ឡើង​។​ [Cal. Ed. Code Sec. 56325(a)(3).] មណ្ឌល​សិក្សាធិការថ្មីរបស់សិស្ស​ ត្រូវតែ​ចាត់វិធានការ​សមស្រប​ដើម្បីទទួលបាន​ភ្លាមៗ​នូវ​កំណត់ត្រា​របស់​សាលាគាត់​។​ [20 U.S.C. Sec. 1414(d)(2)(C)(ii); 34 C.F.R. Secs. 300.323(e) & (f); Cal. Ed. Code Sec. 56325(b)(1).]